ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីប្រទេសស៊ូដង់១២រូបលាលែងចេញពីតំណែងដើម្បីប្រឆាំងកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីនិងយោធា

ចែករំលែក៖

ប្រទេសស៊ូដង់៖ រដ្ឋមន្ត្រី១២រូបរបស់ស៊ូដង់បានលាលែងចេញពីតំណែង ដើម្បីប្រឆាំងកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រី Hamdok ជាមួយនឹងកម្លាំងយោធា ។ ក្នុងចំណោមរដ្ឋមន្ត្រីដែលលាលែងចេញពីតំណែងក៏មានរដ្ឋមន្ត្រីការបរទេសផងដែរ។
កិច្ចព្រមព្រៀងមាន១៤ចំណុចរវាងនាយករដ្ឋមន្ត្រី Abdalla Hamdok នឹងថ្នាក់ដឹកនាំយោធាដែលបានធ្វើរដ្ឋប្រហារ ដឹកនាំដោយឧត្តមសេនីយ៍ Abdel Fattah al-Burhan ។ កិច្ចព្រមព្រៀងបានចុះហត្ថលេខាកាលពីថ្ងៃទី២១ខែវិច្ឆិកា។ នៅក្នុងកិច្ចព្រមព្រៀងមានការដោះលែងដល់អ្នកនយោបាយទាំងអស់ដែលនៅឃុំខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារ ។ ជាមួយគ្នានេះរដ្ឋធម្មនុញ្ញឆ្នាំ២០១៩ នៅតែមានប្រសិទ្ធភាព សម្រាប់ការផ្លាស់ប្តូរនយោបាយ និងការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០២៣។
ក្រុមអ្នកប្រឆាំងបានស្នើដល់កម្លាំងទាហានត្រូវតែដកខ្លួនចេញពីនយោបាយ ហើយយោធាមិនមែនជាផ្នែកមួយនៃរដ្ឋាភិបាលនៅក្នុងប្រទេសស៊ូដង់នាពេលអនាគតនោះឡើយ។
សកម្មភាពខាងលើរបស់បណ្តារដ្ឋមន្ត្រីនៃប្រទេសស៊ូដង់នឹងបង្កឲ្យមានរលកបាតុកម្មកើតឡើងជាថ្មីនៅក្នុងប្រទេសនេះដើម្បីប្រឆាំងនឹងការដឹកនាំដោយយោធា ។ សហគមន៍អន្តរជាតិបានអំពាវនាវដល់យោធាស៊ូដង់ ផ្តល់អំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ ដើម្បីដឹកនាំប្រទេសបញ្ចប់វិវាទ ៕

ដោយ៖ធីរីណា(រូបថត៖AP)


ចែករំលែក៖