ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធត្រូវបានម្ចាស់ផ្ទះចាក់សោពីខាងក្រៅបង្ខាំងទុកក្នុងក្រុមហ៊ុនជេស៊ីអ៊ែឡាញអស់រយ:ពេលជាច្រើនម៉ោង ទើបផ្អើលដល់សមត្ថកិច្ច ចុះមកជួយធ្វើអន្តរាគមន៍។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមហ៊ុនជេស៊ីអ៊ែឡាញ វិថីម៉ៅសេទុង ផ្ទះលេខ២៤៧ ក្រុម៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ២នាក់ប្តីប្រពន្ធដែលត្រូវម្ចាស់ផ្ទះចាក់សោបង្ខាំងមិនឱ្យចេញនោះមានឈ្មោះ ទី១-លាវ សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងទី២-ឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអនាម័យរបស់ក្រុមហ៊ុនជេស៊ីអ៊ែឡាញ ស្នាក់នៅជាមួយគ្នា។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីបានដឹកប្រពន្ធចេញពីបន្ទប់ជួល មកកាន់ក្រុមហ៊ុនជេស៊ីអ៊ែឡាញដើម្បីបោសសម្អាត ហើយខណ:ជនរងគ្រោះទាំង២នាក់ដើរចូលទៅក្នុងក្រុមហ៊ុនដើម្បីបោសសម្អាត ស្រាប់តែម្ចាស់ផ្ទះបានមកដល់ ហើយក៏បានចាក់សោពីខាងក្រៅ ដោយប្រាប់ថាចាំដោះស្រាយគ្នាចប់សព្វគ្រប់សិនទើបចាក់សោឱ្យពួកគាត់ចេញមកក្រៅវិញ។ ពេលនោះជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានប្រាប់ម្ចាស់ផ្ទះវិញថា ពួកខ្ញុំអត់ដឹងរឿងអ្វីនោះទេ ពួកខ្ញុំគ្រាន់តែជាកម្មករបោសសម្អាតឱ្យក្រុមហ៊ុនតែប៉ុណ្ណោះ ប៉ុន្តែម្ចាស់ផ្ទះមិនបានស្តាប់ហេតុផលអ្នកទាំងពីរនោះទេ ដោយចាក់សោបង្ខាំងឲ្យនៅខាងក្នុង ហើយក៏បានជិះម៉ូតូទៅបាត់ទៅ។
ដោយសារតែជនរងគ្រោះដល់ម៉ោងឃ្លានអាហារថ្ងៃត្រង់ ទើបពួកគាត់បានគោះទ្វារហៅសន្តិសុខដែលយាមនៅក្បែរនោះឲ្យជួយប្រាប់សមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍ផង។ ពេលសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានឃើញជាក់ស្តែងនូវការបង្ខាំងមនុស្សនៅខាងក្នុង រួចក៏បានទំនាក់ទំនងទៅខាងម្ចាស់ផ្ទះឲ្យយកសោ
មកចាក់ឱ្យជនរងគ្រោះចេញមកខាងក្រៅវិញ និងនាំជនរងគ្រោះនិងម្ចាស់ផ្ទះទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១។
បន្ទាប់ពីសមត្ថកិច្ចសាកសួររកមូលហេតុ នៃការចាក់សោបង្ខាំងមនុស្សនេះ ទើបបែកធ្លាយការណ៍ពិត គឺក្រុមហ៊ុនក្ស័យធនមិនដំណើរការ គ្មានលុយបង់ប្រាក់ថ្លៃផ្ទះជួល ហើយនៅយប់មិញនេះខាងក្រុមហ៊ុនលួចដឹកសម្ភារចេញចំនួន៣ឡានហើយ ទើបម្ចាស់ផ្ទះមានការបារម្ភខ្លាចខាងភាគីក្រុមហ៊ុនមិនបានទូទាត់សងប្រាក់រួចរាល់ ទើបគាត់សម្រេចចិត្តចាក់សោផ្ទះជាបណ្តោះអាសន្នសិន។ ក្រោយពេលសមត្ថកិច្ចសាកសួរ និងដឹងហេតុផលច្បាស់លាស់ហើយទើបធ្វើការអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕
ដោយ៖ជ្រោយពេជ្រ