ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesla បានធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការប្រើប្រាស់កម្មវិធី ‘Full Self Driving-FSD’ ដោយទាមទារឱ្យអ្នកប្រើប្រាស់កម្មវិធីសាកល្បង ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូ ទាំងក្នុងនិងក្រៅរថយន្តក្នុងករណីដែលរថយន្តមានបញ្ហាសុវត្ថិភាព ឬជួបគ្រោះថ្នាក់ចរាចរណ៍ណាមួយនោះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏អាចប្រើលេខសំគាល់រថយន្ត (VIN number) ដើម្បីកំណត់អត្តសញ្ញាណរថយន្តជាមួយនឹងរូបភាពវីដេអូផងដែរ។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, កម្មវិធី ‘Full Self Driving’ ជំនាន់១០.៣ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងក្នុងលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែក្រុមហ៊ុនបានកាត់បន្ថយចំនួនអ្នកប្រើប្រាស់សាកល្បងជាបន្ទាន់ បន្ទាប់ពីបានរកឃើញពីភាពចន្លោះប្រហោងធំៗមួយចំនួនមានដូចជា ការផ្ដល់សារព្រមានមិនត្រឹមត្រូវដែលថារថយន្តនឹងមានការប៉ះទង្គិចផ្នែកខាងមុខ និងចាប់ហ្វ្រាំងរថយន្តដោយស្វ័យប្រវត្តិដោយមិនមានការចាំបាច់។
គួររំឭកដែរថា ទាំងអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពក្នុងការបើកបរ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក (National Transportation Safety Board-NTSB) មានការព្រួយបារម្ភចំពោះការប្រើឈ្មោះកម្មវិធី FSD របស់ក្រុមហ៊ុន Tesla។ ការដាក់ឈ្មោះកម្មវិធីដែលអាចបើកដោយស្វ័យប្រវត្តិថា ‘Full Self Driving’ គឺធ្វើឱ្យអ្នកបើកបរភាគច្រើនមានការភាន់ច្រឡំថា កម្មវិធីនេះអាចបើករថយន្តបានដោយស្វ័យប្រវត្តិទាំងស្រុង ប៉ុន្តែតាមការពិត ស្វ័យភាពរបស់កម្មវិធីគឺនៅមានកំណត់នៅឡើយ ហើយវាមានប្រសិទ្ធភាពតែក្នុងកាលៈទេសៈមួយចំនួនប៉ុណ្ណោះ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា, បច្ចុប្បន្នប្រព័ន្ធ FSD របស់ក្រុមហ៊ុន Tesla ត្រូវបានចាត់ទុកថា ជាប្រព័ន្ធកម្រិតទី២ ដូច្នេះវានៅសល់ពីរកម្រិតទៀត (កម្រិតទី៤) ដើម្បីអាចចាត់ទុកថា ជាកម្មវិធី “បើកបរដោយស្វ័យប្រវត្តិ” ពិតប្រាកដបាន៕
ដោយ៖ សិលា