ខេត្តកំពង់ស្ពឺ ៖ ដេីម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា-កុមារផ្ទុកមេរោគអេដស៍ចំនួន ១២២នាក់ និងបុគ្គលិកចំនួន ៣៣នាក់ នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា ដដែលស្ថិតនៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះក្មួយៗចៅៗទាំងអស់ ជាពិសេសពាំនាំនូវការកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ចន តាកឺ ម្ចាស់មូលនិធិ និងជាទីប្រឹក្សារបស់អង្គការ ក៏ដូចជាអ្នកស្ម័គ្រចិត្តបរទេស និងបុគ្គលិកទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តជួយចិញ្ចឹមបីបាច់ ផ្តល់ក្តីសង្ឃឹម ភាពកក់ក្តៅ និងការអប់រំដល់កុមារទាំងអស់ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់មានយុវជនជាច្រេីនបានសិក្សាចប់ថ្នាក់មហាវិទ្យាល័យ និងជំនាញផ្សេងៗ មានសមត្ថភាពរកការងារធ្វេីសមរម្យ អាចចិញ្ចឹមជីវិតបានដោយសេចក្តីថ្លៃថ្នូរ ស្មេីមុខស្មេីមាត់នៅក្នុងសង្គម។ ទន្ទឹមនឹងនេះ លោកស្រី បានផ្តាំផ្ញេីដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហេីយត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ជាពិសេសត្រូវរស់នៅមានអនាម័យ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» ដេីម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ជាកិច្ចឆ្លេីយតប លោក ចន តាកឺ តំណាងឱ្យអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា និងជំនួសមុខឱ្យកុមារ-បុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ឱ្យសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយជាច្រេីនមកផ្តល់ជូននាពេលនេះ។ ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱសថប្រឆាំងមេរោគអេដស៍ដល់កុមាររងគ្រោះទាំងអស់ ដែលអាចធ្វេីឱ្យកុមារអាចរស់នៅបានដោយសុខភាពល្អដូចមនុស្សធម្មតា និងជាទំពាំងស្នងឬស្សីនាពេលអនាគត។ លោក ចន តាកឺ បានថ្លែងដោយមោទនភាពថា «គ្មានកុមារណាម្នាក់ គ្មានបុគ្គលិកណាម្នាក់នៃអង្គការ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះឡេីយ។ កុមារនិងបុគ្គលិកទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩។ ប្រទេសកម្ពុជា គឺជាប្រទេសដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនបានច្រេីនជាងគេបំផុត ដែលមិនមែនជារឿងចៃដន្យឡេីយ ដែលនេះបានបង្ហាញពីមគ្គុទេសក៍ដឹកនាំដ៏ឆ្នេីម និងផែនការយុទ្ធសាស្ត្រច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា រួមមាន ៖ អង្ករ ២តោន, មី ៣០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៉ីវ ១០យួរ, អំបិល ២០០គីឡូក្រាម, ប្រេងឆា ២កេស, ទឹកភេសជ្ជៈ ២០កេស, ទឹកបរិសុទ្ធ ២០កេស, កន្ត្រៃកាត់ក្រចក ៥កំប៉ុង, តំបៀត ៥កំប៉ុង, ច្រាស់ដុសធ្មេញ ២កេស, ម៉ាស់ ២កេស, ជែល ៥កេស, សម្ភារអប់រំផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩ និងថវិកាចំនួន ៥លានរៀល។ ដោយឡែក ផ្តល់ជូន បុគ្គលិកចំនួន ៣៣នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល៕
ដោយ៖ សិលា