ប្រទេសរុស្សុី៖ យុទ្ធនាការជួយសង្គ្រោះត្រូវបានធ្វើឡើងយ៉ាងសកម្ម ក្រោយហេតុការណ៍គ្រោះថ្នាក់កើតឡើងបណ្តាលឲ្យកម្មករ១១នាក់ស្លាប់និងជាង ៤០នាក់រងរបួស ស្ថិតនៅអណ្តូងរ៉ែក្នុងតំបន់ Kuzbass ។
សារព័ត៌មានRT បានផ្សាយថា គ្រោះថ្នាក់កើតឡើងនៅអណ្តូងរ៉ែ Listvyazhnaya ស្ថិតនៅក្នុងស្រុក Belovo ។ មិនមានព័ត៌មានស្តីពីការផ្ទុះនោះឡើយ ប៉ុន្តែក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានប្រកាសថា ផ្សែងជាច្រើនបានបង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពជួយសង្គ្រោះ។
សារព័ត៌មានRT បានផ្សាយថា មានផ្សែងផុសចេញពីជម្រៅ ២៥០ម៉ែត្រ ។ ក្នុងពេលគ្រោះថ្នាក់កើតឡើង មានកម្មករ២៨៥នាក់កំពុងតែធ្វើការនៅទីនោះ ហើយកម្មករជាង២០០នាក់ត្រូវបានជម្លៀសចេញទាន់ពេលវេលា ។
មន្ត្រីក្នុងតំបន់ Sergey Tsivilyov បានបញ្ជាក់ថា មានកម្មករ៤៣នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាន៤នាក់របួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់។ នៅពេលនេះក្រុមជួយសង្គ្រោះ១៩ក្រុមកំពុងខិតខំជួយសង្គ្រោះ ។ សារព័ត៌មាន TASS បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងដោយសារតែមានធូលីធ្យូងថ្មឆាបឆេះធ្វើឲ្យផែ្សងចូលតាមបំពង់ខ្យល់នៅក្នុងអណ្តូងរ៉ែ៕ ដោយ៖ធីរីណា
រូបថត៖RIA