ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រនិងមូលដ្ឋាននៅតាមដងទន្លេត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឱ្យប្រក្រតីឡើងវិញ។ ដោយឡែកពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់និងរៀបចំឱ្យបានល្អប្រសើរផងដែរ។ការជំរុញនិងណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង (Video Conference ) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ចំពោះចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលនិងទទួលបានការកោតសរ សើរពីអន្តរជាតិផងដែរ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើការទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយតាមដងទន្លេនេះកើតឡើងវិញ។ អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់និងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឱ្យមានការកើតឡើងវិញនូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររបស់យើង ។ ដូច្នេះលោកស្នើឱ្យយើងបន្តកិច្ចការងារនេះឱ្យបានប្រសើរថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេរបស់យើងមានសណ្តាប់ធ្នាប់របៀបរៀបនិងមានបរិស្ថានល្អប្រសើរ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេគឺជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវគឺជារឿងមួយទៀតដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្ត ធ្វើយ៉ាងណាឱ្យការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឲ្យមានសោភណភាពល្អប្រសើរ សមជារាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖សំរិត