ភ្នំពេញ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បេីករថយន្តស៊េរីទំនេីបមួយគ្រឿងបោះពួយយ៉ាងលឿន ហេីយជ្រុលចង្កូតទៅបុករថយន្តសុីទែនដឹកហ្គាស ធុនធំ ពីក្រោយពេញទំហឹង បណ្ដាលឲ្យគាបជាប់ និងផ្ទុះពោង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯតៃកុងរថយន្តរងរបួសស្រាល ។
ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ យុវជនម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក TITANIUM ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7734 បោះពួយយ៉ាងលឿន ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាស្រវឹងស្រា បានរេចង្កូតជ្រុលទៅបុក រថយន្តសុីទែនដឹកហ្គាស ធុនធំ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-6166 ពីក្រោយពេញទំហឹង បណ្ដាលឲ្យគាបជាប់ ផ្ទុះពោង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ រីឯតៃកុងរថយន្តបង្ក ពកក្បាល រងរបួសស្រាល ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញឲ្យចុះមកវាស់វែង តែដោយសារតែ ភាគីខាងរថយន្តធុនធំមិនចង់វែងឆ្ងាយ ក៏ព្រមស្មេីគ្នា ឲ្យភាគីខាងរថយន្តបង្ក យករថយន្តទៅជួសជុលខ្លួនឯង ដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ