ភ្នំពេញ ៖ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនជនត្រូវចោទ បន្ទាប់ពីអយ្យការបានបើកការស៊ើបសួរ និងបញ្ជូនមកចៅក្រមស៊ើបសួររួចរាល់ ហើយសូមបញ្ជាក់ថា ជនត្រូវចោទម្នាក់នេះក៏ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំម្តងរួចមកហើយដែរ។
គួររំលឹកថា នៅវេលាម៉ោង០២:០០នាទីរំលងអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានករណីឃាតកម្មកាប់នឹងកាំបិតផ្គាក់ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ឈ្មោះ ស៊ិន ខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិស្សិតបេក្ខជនបណ្ឌិត ស្នាក់នៅក្នុងវត្តចាស់ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ចំជើងខាងស្ដាំបណ្ដាលឱ្យរងរបួសធ្ងន់ដោយរយះជិតដាច់ភ្លៅ និងស្លាប់ភ្លាមៗនៅក្បែរ កន្លែងកើតហេតុ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់ទៅ។
មិនបានប៉ុន្មានម៉ោងផង ដំណឹងនៃការស្លាប់របស់ជនរងគ្រោះត្រូវបានបណ្តាញសង្គម Facebook, YouTube, វិទ្យុ និងសារព័ត៌មានមួយចំនួនបានយកទៅផ្សព្វផ្សាយ ដោយប្រឹងទាញយកករណីឃាតកម្មនេះទៅជារឿងនយោបាយ ដោយសារពួកគេគិតខុសថា ជនរងគ្រោះគឺជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល ហើយក៏ព្យាយាមភ្ជាប់ការស្លាប់នេះដើម្បីទម្លាក់កំហុសទៅលើគណបក្សប្រជាជនកម្ពុជា។ វាជារឿងគួរឲ្យអស់សំណើចបំផុត ដែលមុនពេលយុវជនខាងលើនេះស្លាប់ ពួកអ្នកប្រតិស្ឋរឿងខាងលើ មិនទាំងធ្លាប់ស្គាល់ ធ្លាប់ជួប ធ្លាប់ឮឈ្មោះជនរងគ្រោះផង ស្រាប់តែពេលជនរងគ្រោះស្លាប់ ម្នាក់ៗចេញមុខទាញប្រយោជន៍ ធ្វើអត្ថាធិប្បាយ បកស្រាយ ទាញរឿងធ្វើដូចស្គាល់ជនរងគ្រោះច្បាស់ណាស់ ទាំងអ្នកខ្លះនៅតែក្រៅប្រទេសសោះក៏និយាយចេញរឿងច្បាស់ជាងអ្នករស់នៅផ្ទាល់ជាមួយជនរងគ្រោះទៅទៀត។ ប៉ុន្តែធាតុពិតនោះករណីនេះគឺកើតចេញពីរឿងទំនាស់បុគ្គល ដោយពុំមានពាក់ព័ន្ធរឿងនយោបាយទាល់តែសោះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រោមការដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាបានចេញប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់រហូតរកឃើញតម្រុយកំណត់មុខសញ្ញា និងបានចាត់វិធានការតាមវិធានជំនាញ តាមចាប់ជនល្មើសមិនដល់៤៨ម៉ោងផង ជនល្មើសក៏ត្រូវបានឃាត់ខ្លួន ហើយការណ៍ពិតក៏ត្រូវបានលាតត្រដាង។
តាមការរៀបរាប់របស់ជនដៃដល់បានឱ្យដឹងថា ការសម្លាប់ជនរងគ្រោះនេះ គឺខ្លួនក៏មិនបានតាំងចិត្តផ្តាច់ជីវិតជនរងគ្រោះនោះដែរ គឺគិតត្រឹមតែព្រមានប៉ុណ្ណោះ ព្រោះជនរងគ្រោះគឺជាអ្នកស្នាក់នៅក្នុងវត្តចាស់ ហើយខ្លួនមានប្អូនប្រកបរបរប៉ះកង់ម៉ូតូនៅមុខវត្តចាស់នោះឧស្សាហ៍មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ ពោលគឺពេលដែលជនរងគ្រោះចូលវត្តពេលយប់តែងតែត្រូវបានគេបិទទ្វារវត្តចាក់សោចោល ហើយជនរងគ្រោះតែងរករឿងប្អូនរបស់ខ្លួន ដោយចោទប្អូនខ្លួនថាជាអ្នកកិបសោទ្វារ។ នៅយប់កើតហេតុ រូបខ្លួនដែលជាជនដៃដល់កំពុងនៅជាមួយប្អូនរបស់ខ្លួននៅមុខវត្ត ស្រាប់តែជនរងគ្រោះមកដល់ ក៏ត្រូវគេកិបសោចោលទៀត ហើយជនរងគ្រោះបានមករករឿងប្អូនខ្លួនមិនឈប់ឈរ រហូតមានគេមកបើកទ្វារវត្តឱ្យចូលទៅហើយ ក៏ជនរងគ្រោះនៅតែមិនអស់ចិត្ត មិនព្រមចូលក្នុងវត្ត គឺនៅតែបន្តរករឿងស្តីបន្ទោសប្អូនរបស់ខ្លួនទៀត។ ឃើញដូច្នោះខ្លួនក៏បានជិះម៉ូតូចេញទៅក្រៅមួយសន្ទុះ ហើយត្រឡប់មកវិញ នៅតែឃើញជនរងគ្រោះនិយាយដៀមដាមស្តីបន្ទោសប្អូនខ្លួនមិនឈប់សោះ។ ពេលនោះខ្លួនក៏ដើរទៅផ្ទះជួលរបស់ខ្លួននៅក្រោយវត្ត និងបានលួចយកកាំបិតផ្គាក់ពីផ្ទះមិត្តភក្តិរបស់ខ្លួននៅក្បែរនោះ ហើយដើរត្រឡប់មកមុខវត្តវិញ ដោយតាំងចិត្តថា បើជនរងគ្រោះមិនឈប់ឈ្លោះស្តីបន្ទោសប្អូនរបស់ខ្លួនទេខ្លួននឹងកាប់ជនរងគ្រោះជាការព្រមាន។ ស្រាប់តែពេលខ្លួនមកដល់ ជនរងគ្រោះពិតជាមិនទាន់ឈប់ឈ្លោះស្តីបន្ទោសប្អូនរបស់ខ្លួនមែន ខ្លួនក៏បានចូលទៅកាប់ជនរងគ្រោះត្រូវមួយកាំបិតចំស្មា ហើយជនរងគ្រោះក៏រត់ ខ្លួនក៏ដេញតាមកាប់ជនរងគ្រោះបន្តទៀត ដោយកាប់តម្រង់តែដៃជើងប៉ុណ្ណោះដើម្បីទុកជាការព្រមាន តែកាប់ខុសៗ រហូតដល់ចំណុចកើតហេតុ ខ្លួនក៏កាប់ត្រូវភ្លៅជនរងគ្រោះបណ្តាលឱ្យដួល ហើយខ្លួនក៏បោះកាំបិតចោលនៅក្បែរនោះ និងដើរចេញពីកន្លែងកើតហេតុដោយមិនគិតថាជនរងគ្រោះនឹងស្លាប់នោះទេ។ ក្រោយមកទើបខ្លួនបានដំណឹងថាជនរងគ្រោះស្លាប់ ក៏គេចទៅលាក់ខ្លួននៅស្រុកកំណើតក្នុងខេត្តព្រៃវែងតែម្តង។
ជនដៃដល់រៀបរាប់បន្ថែមថា កន្លងមកខ្លួនក៏ធ្លាប់ជាប់គុក១ឆ្នាំម្តងដែរ គឺក្នុងឆ្នាំ២០១៩ ទើបចេញវិញនៅថ្ងៃទី០២ ខែ០៧ ឆ្នាំ២០២០ ដោយត្រូវបានជាប់ចោទពីបទលួចម៉ូតូកង់បី (ឡំប្រឺតា) ព្រោះខ្លួនបានដើរជាមួយក្រុមមុខសញ្ញាចោរលួចទាំងនោះ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារ PJ ជាបណ្តោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា