ក្រុម West Ham បានធានាកៅអីរបស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌEuropa League វគ្គ១៦ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះលើក្រុម Rapid Vienna ក្នុងការប្រកួតដែលលេងដោយបិទទ្វារក្នុងប្រទេសអូទ្រីសក្នុងលទ្ធផល២ទល់០។
កីឡាករ Andriy Yarmolenko របស់ក្រុម West Ham បានរកគ្រាប់បាល់នាំមុខនៅតង់ទី១ នាទីទី៣៩។ប៉ុន្មាននាទីក្រោយមកកីឡាករ Yarmolenko ត្រូវបានកីឡាករ Maximilian Hofmann បង្កកំហុស ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រ ហើយប្រធានក្រុម Mark Noble បានស៊ុតបាល់ប៉េណាល់ទីនៅចុងតង់ទី១ នាទីទី៤៥+១បានសម្រេចតែម្តង ហើយលទ្ធផល២ទល់០នេះបានបន្តរហូតដល់ចប់ការប្រកួត។
ក្រុមរបស់លោក David Moyes ត្រូវបានធានាថា នឹងឈ្នះក្នុងពូល H ជាមួយនឹងការប្រកួតដែលនៅសល់១ប្រកួតទៀត។ក្រុមញញួរធំ West Ham បានឈ្នះពានរង្វាន់ European Cup Winners’ Cup កាលពីឆ្នាំ១៩៦៥ និងចាញ់នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៧៦។ ការប្រកួតរបស់ពួកគេក្នុង Europa League រដូវកាលនេះគឺជាទម្រង់លេងដ៏ល្អបំផុតនៅក្នុងការប្រកួតនៅអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៨០-១៩៨១ ។
អ្នកចាត់ការក្រុមញញួរធំ លោក Moyes បាននិយាយថា “ការងារដែលមានជំនាញវិជ្ជាជីវៈពិតជាល្អមែន មិនត្រឹមតែយប់នេះទេ របៀបដែលយើងបានធ្វើក្នុងក្រុម និងផ្តល់កិត្តិយសដ៏អស្ចារ្យដល់ក្រុមទាំងមូល ដែលយើងបានធ្វើការ។ នៅពេលចាប់ផ្តើមការប្រកួត ខ្ញុំមិនប្រាកដថាវានឹងទៅជាយ៉ាងណានោះទេ វាជារឿងថ្មីសម្រាប់កីឡាករ ប៉ុន្តែពួកគេបានធ្វើការងារដ៏អស្ចារ្យបែបនេះ។ យើងសក្តិសមក្នុងការឈ្នះក្រុម ហើយកំពុងទន្ទឹងរង់ចាំការប្រកួតបាល់ទាត់អឺរ៉ុបក្នុងខែមីនា ហើយមិនចាំបាច់លេងក្នុងខែកុម្ភៈ ដែលជួយដល់ការកកស្ទះនោះទេ”។
ដោយឡែកក្រុមនៅអង់គ្លេសមួយទៀតគឺ Leicester City បានយកឈ្នះលើក្រុម Legia Warsaw ក្នុងលទ្ធផល៣ទល់១ ដើម្បីឡើងទៅកាន់កំពូលនៃពូល C ដើម្បីឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Europa League ដោយនៅសល់មួយប្រកួតទៀត។
៣គ្រាប់របស់ក្រុមចចកកំណាច Leicester City រកបានដោយកីឡាករ Patson Daka នៅនាទីទី១១, គ្រាប់ទី២រកបានដោយកីឡាករ James Maddison នៅនាទីទី២១ និងគ្រាប់ទី៣រកបានដោយកីឡាករ Wilfred Ndidi នៅនាទីទី៣៣។ ចំណែកក្រុមភ្ញៀវ Legia Warsaw រកបាន១គ្រាប់ដែរដោយកីឡាករ Filip Mladenovic នៅនាទីទី២៦។
Leicester ឈរលេខ១ក្នុងពូល C មាន៨ពិន្ទុ ដោយលើស១ពិន្ទុពីលើក្រុមលេខ២ Spartak Moscow និង Napoli បន្ទាប់ពីក្រុម Spartak បានឈ្នះNapoli ២-១ កាលពីយប់ថ្ងៃពុធ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)