ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកម្មបាញ់ប្រហារទៅលើបុរសចំណាស់ម្នាក់នៅស្រុកខ្សាច់កណ្ដាលកាលពី៦ថ្ងៃមុនត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់

ចែករំលែក៖

ខេត្តកណ្ដាល: ក្រុមជនដៃដល់ចំនួន៤នាក់ក្នុងចំណោមបក្ខពួក៥នាក់ ដែលបាញ់ប្រហារទៅលើបុរសចំណាស់ម្នាក់ ដោយអាវុធខ្លីK59កាលពី៦ថ្ងៃមុននៅស្រុកខ្សាច់កណ្ដាល ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាល​ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយ នៅថ្ងៃទី២៤ ខែវិច្ឆិកា.ឆ្នាំ២០២១ ដែលករណីឃាតកម្មនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង១៨និង២០នាទី នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា​ក្រុមជនសង្ស័យសរុបមានគ្នា៥ ឃាត់ខ្លួនបាន៤នាក់​ទី១-ឈ្មោះ អ៊ាន់ ម៉េងឡេង ហៅ ខ្លា ហៅ ប៉ាវ ហៅ ម៉េង ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជនដៃដល់)​ ,​ទី២-ឈ្មោះ ជឿន ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៣-ឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល. និងទី៤-ឈ្មោះ អាង រស្មី ហៅចែង ហៅស៊ុយ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ រីឯជនសង្ស័យម្មាក់ទៀតរត់គេចខ្លួនបានស្រមោល។ ដោយឡែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឆែម ឆា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងចាប់យកៈ១-ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA BEAT ពណ៌សលាយក្រហម ពាក់ផ្លាកលេខ តាកែវ 1Q-2185,​២-ខោអាវចំនួន ០១កំផ្លេឬ,​៣-សំបកគ្រាប់កាំភ្លើងខ្លីចំនួន ០៥គ្រាប់ លេខ 380និង៤-ក្បាលគ្រាប់កាំភ្លើងខ្លីបាញ់រួចចំនួន ០១ ។
ប្រភព​ដដែលបន្តថា​ ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសន្លុង​ ទទួលបានព័ត៌មានថា មានករណីបាញ់សម្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ ភ្លាមនោះ កម្លាំងប៉ុស្តិ៍ក៏ចុះដល់កន្លែងកើតហេតុ នរួចរាយការណ៍ទៅនគរបាល​ជំនាញស្រុក​ និងរាយការណ៍បន្តទៅនគរបាលជំនាញខេត្ត ចុះមកដល់ចំណុចកើត​ដោយពិនិត្យឃើញថា ជនរងគ្រោះមានរបួសស្នាម ទ្រូងខាងស្ដាំ ០១កន្លែង ,​របួសចិញ្ចើមខាងឆ្វេងធ្លាយចូលទៅគុម្ពត្រចៀកខាងស្ដាំ ០១កន្លែង ,​របួសស្នាមចូលលើត្រចៀកខាងឆ្វេង០១កន្លែង និងរបួសស្នាមចេញផ្នែកក្បាលខាងក្រោយ ០១កន្លែង ។ បន្ទាប់ពីធ្វើការពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា​ ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម​ ហើយបានកសាងសំណុំរឿងដើម្បីធ្វើការស្រាវជ្រាវ ដោយមានការសម្របសម្រួលដឹកផ្ទាល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល,​លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាល ខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ,​លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលនិងមានការចូលរួមលោកឧត្តមសេនីយ៍ស្នងការរង មេបញ្ជាការរង កងរាជអាវធហត្ថខេត្ត,​លោកនាយ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត,​លោកអធិការ, អធិការរង, នាយប៉ុស្តិ៍រដ្ឋបាល មេបញ្ជាការ កងរាជអាវុធហត្ថស្រុក​ រហូតក្តាប់មុខសញ្ញាបាន ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
យោងតាមការឲ្យដឹងរបស់សមត្ថកិច្ចថា​ មូលហេតុដែលក្រុមជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ គឺដោយចោទប្រកាន់ថា មកពីជនរងគ្រោះបានតាមដានពួកគេពីរឿងចែកចាយថ្នាំញៀន ហើយជនរងគ្រោះឈ្មោះ ឆែម ឆា ក៏ធ្លាប់ទៅលបមើលឈ្មោះ អ៊ាន់ ម៉េងឡេង, ឈ្មោះ អាង រស្មី និងបក្ខពួកដែលកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅចំការឫស្សីពីងពង់នៅភូមិដុល ហើយចាប់ពីពេលនោះមកឈ្មោះ អ៊ាន់ ម៉េងឡេង ក៏តាមដាននិងរៀបចំគម្រោងសម្លាប់ឈ្មោះ ឆែម ឆា តែម្ដង។
ករណីនេះ សត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល អនុវត្តតាម​នីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖