ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិន បើករថយន្ត​បុករៈ​ម៉ូតូ​២​គ្រឿង បណ្តាលឲ្យនារី០២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់ នៅលើ​ផ្លូវជាតិ​លេខ៣

ចែករំលែក៖

ខេត្តកំពត ៖ បុរសជនជាតិចិនបើករថយន្តបុកម៉ូតូ២គ្រឿងបណ្តាលឲ្យនារី២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់ទៀតរងរបួសធ្ងន់ លើ​ផ្លូវជាតិ​លេខ​៣​កំពត វាល​រេញ ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រែក​ត្នោត ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧៧-១៧៨ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រែង សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត ​កាលពី​ម៉ោង​ជាង៦​ល្ងាច ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ​រថយន្តបង្ក​ម៉ាក​តូ​យ៉ូ​តា​ហ្វ​ត​ធូ​ន័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BE-2988 មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ​ត​ធូ​ន័​រ ពណ៌​ស មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​មិនដឹង​ថា ជា​មាន​បញ្ហា​អ្វី ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា ចំនួន​ពីរ​គ្រឿង​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​មនុស្ស​ស្រី​២​នាក់ ​បាន​ស្លា​​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និងបុរសម្ននាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​ជា​ជន​ជាតិចិន​ខាងលើ​នេះ មានឈ្មោះ Liu Wie ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មិន​មាន​រង​របួស​ទេ​។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ព្រះ​សីហ​នុ ១D-៧០៥៥ ខូចខាត​ធ្ងន់ បើកបរ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ ណុ​ប សំបូរ ភេទ​ស្រី រស់នៅ​ភូមិ​បុស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ស្លា​ប់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់ ភេទ​ស្រី ក៏​ស្លា​ប់​នៅ​កន្លែង​កើតហេតុ​ដែរ ហើយ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

ក្រោយ​ពេល​កើតហេតុ សាកស​​ព​នារី​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង (​រថយន្ត និង ម៉ូតូ​) ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​សង្កាត់​ព្រែក​ត្នោត ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ជូន​គ្រួសារ​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖