ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទីថ្ងៃត្រង់ នៅត្រង់ចំណុច មុខផ្ទះលេខN១២៥ ផ្លូវព្រះនរោត្តម ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានអនុវត្តដីកាបញ្ជាស្វែងរកចាប់ខ្លួន លេខ ០០១ អ.យ.ឃ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ របស់លោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
-ទណ្ឌិតដែលត្រូវបានចាប់ខ្លួន ឈ្មោះ ជុំ យ៉ត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខN១២៥ ផ្លូវព្រះនរោត្តម ក្រុម៣៦ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្ត ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរស្ពានហង្សកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ និងត្រូវសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល០២ (ពីរ) ឆ្នាំ។ ហេីយនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ មន្រ្តីប្រចាំការបានបញ្ជូនទណ្ឌិត ឈ្មោះ ជុំ យ៉ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយ ដង្ហក់ចុកទ្រូងខាងឆ្វេង និងហេីម ពេលមកដល់មន្ទីរពេទ្យទណ្ឌិត ឈ្មោះ ជុំ យ៉ត បានច្បូតច្រវ៉ាក់ចាក់ជេីងរួចចុះតាមចំរឹងទ្វារខាងក្រោយអគារមកក្រោមជាន់ផ្ទាល់ដី ដោះអាវកាន់ដៃស្លៀកខោរជេីងខ្លីពណ៌ខៀវ ដោយអាការៈទ្រេតទ្រោត រួចក៏បានយកអាវអ្នកជំងឺដែលហាលនៅក្បែរនោះមកពាក់រួចដេីរទៅជិតរបងមន្ទីរពេទ្យក៏ផ្លោះរបងទៅបាត់ ។
រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់យេីងបានធ្វេីការស្រាវជ្រាវរកឃេីញទណ្ឌិតឈ្មោះ ជុំ យ៉ត នៅចំណុចខាងលេីក៏បានធ្វេីការឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នទណ្ឌិតឈ្មោះ ជុំ យ៉ត កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ជីណា