ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃសុក្រទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញទស្សនាស្នាដៃការសម្ដែងល្ខោនស្រមោលស្បែកធំ ក្នុងឱកាសអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ចំពោះការទស្សនាស្នាដៃការសម្ដែងល្ខោនស្រមោលស្បែកធំខាងលេីនេះ បានធ្វេីឡេីងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកាម្សិលមិញនេះ ដែលជាការសម្ដែងរបស់សមាគមសិល្បៈសុវណ្ណភូមិ នៅសាលាមធ្យមវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងទៀតថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ សាលាមធ្យមវិចិត្រសិល្បៈ បានសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិ លើកយកនូវឈុត នាងបញ្ញកាយ ដែលដកស្រង់ចេញពីរឿង រាមកេរ្តិ៍ ដើម្បីធ្វើការសម្ដែង ក្នុងរយៈពេលប្រហែល ៤៥នាទី។
គួរបញ្ជាក់ថា ល្ខោនស្រមោលស្បែកធំ ត្រូវបានអង្គការយូរណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕
ដោយ៖សហការី