ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា អញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី «យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី «យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា» ដោយមានការអញ្ជេីញចូលរួមពីលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, សមាជិកគណៈកម្មាធិការកណ្តាល, និងថ្នាក់ដឹកនាំ-មន្ត្រីពាក់ព័ន្ធ នៃក្រុមប្រតិបត្តិទីស្នាក់ការកណ្តាលសរុបចំនួន ១៩នាក់ ។ 

ក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានតាក់តែង សម្រិតសម្រាំង និងកសាងឡេីងនូវសេចក្តីព្រាងយុទ្ធសាស្ត្រ ២០២១-២០៣០ បានយ៉ាងល្អប្រសេីរសម្រាប់ជាត្រីវិស័យក្នុងការកំណត់ទស្សនវិស័យ បេសកកម្ម និងទិសយុទ្ធសាស្ត្រ ក្នុងការអនុវត្តរយៈពេល ១០ឆ្នាំទៅមុខទៀត ស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការវិវត្តរបស់សកលលោក។ 

អង្គប្រជុំបានពិនិត្យពិភាក្សា ពិគ្រោះយោបល់ កែសម្រួល និងឯកភាពគ្នា លេីសេចក្តីព្រាង «យុទ្ធសាស្ត្រ ២០២១-២០៣០»នេះ ដេីម្បីដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា នាខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ 

សូមបញ្ជាក់ថា ក្នុងការកសាងយុទ្ធសាស្ត្រនេះ បានឆ្លងកាត់ដំណាក់កាលជាជំហានបន្តបន្ទាប់ក្នុងនោះមានដូចជា ការបង្កើតក្រុមការងារកសាងយុទ្ធសាស្ត្រ, កិច្ចប្រជុំកសាងគោលគំនិត, សិក្ខាសាលាពិគ្រោះយោបល់, អនុសាសន៍ណែនាំពីកិច្ចប្រជុំគណៈកម្មាធិការកណ្តាល, កិច្ចប្រជុំពិនិត្យនិងកែសម្រួលផ្ទៃក្នុង, និងកិច្ចប្រជុំតាមអនឡាញ (Zoom) ជាមួយគណៈកម្មាធិការ-ក្រុមប្រតិបត្តិនៃសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្ត និងអនុសាខាក្រោមចំណុះ ដេីម្បីទទួលយកនូវធាតុចូលសំខាន់ៗធ្វើជាសេចក្តីព្រាងចុងក្រោយ។

យុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា បានផ្អែកលើយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល, យុទ្ធសាស្ត្រស្តីពី ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩, ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, ផែនការយុទ្ធសាស្ត្រជាតិបច្ចុប្បន្នកម្ម២០១៩-២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ហើយផ្អែកលើឯកសារជាមូលដ្ឋានសំខាន់ៗផ្សេងទៀតដូចជា ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ, ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, គោលនយោបាយ និងទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក២០២១-២០៣០, ផែនទីចង្អុលផ្លូវឆ្ពោះទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និងបានបន្ស៊ីជាមួយយុទ្ធសាស្ត្រ២០៣០ របស់សហព័ន្ធអន្តរជាតិ ក្រោមទិសស្លោក «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»៕

ដោយ ៖ សិលា


ចែករំលែក៖