ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ​ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចយកស្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីលួចយកស្លាកលេខរថយន្តកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣៖៣០នាទីទៀបភ្លឺ នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន០២នាក់នោះមាន៖​

១-ឈ្មោះ វ៉ង់ ខណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

២-ឈ្មោះ សុខ រ៉ា ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

    សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៣៖៣០នាទីទៀបភ្លឺ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបាន ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាននៃសង្កាត់ស្ទឹងមានជ័យទី១ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០២ នាក់ជិះរថយន្តម៉ាកកាមរី ពណ៌ស ឈប់នៅចិញ្ចើមផ្លូវ។ ដោយមានការសង្ស័យកម្លាំងបានចូលទៅធ្វើការត្រួតពិនិត្យឆែកឆេរ ហើយក៏រកឃើញស្លាកលេខរថយន្តចំនួន០៨ បន្ទះ, បណ្ណសម្គាល់យានយន្តចំនួន០២សន្លឹក និងទួណឺវីសចំនួន០២ ដាក់ក្នុងកាបូបស្ពាយ ពណ៌លឿងចំនួនមួយនៅក្នុងរថយន្តនោះ។ ដូច្នេះកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ។

      វត្ថុតាងចាប់យករួមមាន៖ រថយន្តម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២A-១៩០៨, អាវដៃវែង ពណ៌ទឹកប៊ិក មានស័ក្តិ, មានសញ្ញាអ.ហ ចំនួន០២, មានឡូហ្គោអក្សរកងរាជអាវុធហត្ថចំនួន ០១, ទូរស័ព្ទដៃចាស់០១គ្រឿង ពណ៌ខ្មៅ, កាបូបស្ពាយពណ៌លឿងចំនួន០១គ្រឿង, ស្លាកលេខរថយន្តចំនួន០៨បន្ទះ (ភ្នំពេញ ២BK-១៦០៥ ចំនួន០២បន្ទះ, ភ្នំពេញ ២AB-៦៧២២ចំនួន០២បន្ទះ, ភ្នំពេញ ២BI-៥៨៤៥ចំនួន០១បន្ទះ, ភ្នំពេញ ២AI-៦១០៨ ចំនួន០១បន្ទះ និងនគរបាល ២-១៤៥២ ចំនួន០២បន្ទះ), បណ្ណសម្គាល់យានយន្តចំនួន០២សន្លឹក និងទួណឺវីសចំនួន០២ ជារបស់ជនសង្ស័យ។

    បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖