ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទសាព័ត៌មានរួម ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)។ កិច្ចប្រជុំកំពូល មានរយៈពេលពីរថ្ងៃ កម្ពុជាធ្វើម្ចាស់ផ្ទះ ហើយដឹកនាំកិច្ចប្រជុំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលប្រទេសនៅអាស៊ី និងអឺរ៉ុប ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ៥១រូប បានបិទបញ្ចប់នៅព្រលប់ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនភាព ។
សម្តេចថ្លែងថា: កម្ពុជាពិតជាមានមោទនភាព ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ នៅក្នុងកាលៈទេសៈដែលយើង កំពុងប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈម ក្នុងតំបន់ និងសកល ជាច្រើន ផ្សេងទៀត ។
ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM មកពីអាស៊ី និង អឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន កិច្ចប្រជុំកំពូល ASEM លើកទី ១៣ នេះ ជាសញ្ញាច្បាស់មួយថា យើងប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ដំណើរការ ASEM ។ លើសពីនេះទៅទៀត យើងមិនបានងាកចេញពីការស្វែងរកដំណោះស្រាយជាពហុភាគី ចំពោះបញ្ហាប្រឈមសកលឡើយ ។
ជាការពិតណាស់ កិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានផ្ដល់ឱកាសដ៏ពិសេស និងទាន់ពេល សម្រាប់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ សន្តិភាព និងសន្តិសុខ ព្រមទាំងផ្តល់នូវដំណោះស្រាយជាក់ស្តែង ទៅលើបញ្ហាប្រឈមតំបន់ និងសកល នាបច្ចុប្បន្ន ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ សុវត្ថិភាព និងសុខភាពសាធារណៈ ភាពមានការងារធ្វើរបស់យុវជន ការប្រែប្រួលអាកាសធាតុ ការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក អំពើភេរវកម្ម និងបញ្ហាសន្តិសុខតំបន់ និងសកល ក្នុង ចំណោមបញ្ហាផ្សេងៗជាច្រើនទៀត ។
កិច្ចប្រជុំកំពូលនេះ ក៏បានអនុម័តជាផ្លូវការនូវឯកសារលទ្ធផលសំខាន់ៗ ចំនួន ៣ រួមមាន : (១).សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំកំពូល ASEM លើកទី ១៣ (២).សេចក្តីថ្លែងការណ៍ទីក្រុង ភ្នំពេញ ស្តីពីការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (៣).ឯកសារ សកម្មភាពអនាគត ស្ដីពីការតភ្ជាប់ ASEM ។ ឯកសារទាំង ៣ នេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត សាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM ទាំងអស់ ក្នុងការចូលរួមពង្រឹងពហុភាគីនិយម ដើម្បីអនាគតនៃភាពជាដៃគូអាស៊ី-អឺរ៉ុប កាន់ តែប្រសើរឡើង កាន់តែរឹងមាំ ប្រកបដោយបរិយាប័ន្ន និងមានភាពធន់ ។
ថ្នាក់ដឹកនាំនៃបណ្តាប្រទស និងស្ថាប័នដៃគូ ASEM បន្តប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ឆ្ពោះទៅការ កសាងសហគមន៍ ASEM មួយដែលមានភាពសុខដុម ភាពប្រកួតប្រជែង ភាពធន់ និងចីរភាព សម្រាប់ប្រជាជនអាស៊ី និងអឺរ៉ុប ក៏ដូចជាសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ពោរពេញ ដោយថាមវន្ត ដោយផ្អែកលើគោលការណ៍ស្នូលរបស់ ASEM គឺ : ភាពមិនផ្លូវការ ភាពបត់បែនបាន និង ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីនៃកុងសង់ស៊ុស និងភាពជាដៃគូស្មើភាព ៕
ដោយ៖សុខ ខេមរា