ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏ក្នុងរយៈពេលតែ២ម៉ោងប៉ុណ្ណោះមានមនុស្សប្រុសស្រី២នាក់ស្លាប់ក្នុងករណីផ្សេងគ្នាដោយក្នុងនោះម្នាក់ចងកសម្លាប់ខ្លួននិងម្នាក់ទៀតលង់ទឹកស្រះនៅក្នុងស្រុករំដួល និងស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានករណីចងកសម្លាប់ខ្លួនបានកើតឡើងដោយជនរងគ្រោះមានឈ្មោះជូ ឡូ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានចងកសម្លាប់ខ្លួន ដោយសារមូលហេតុមានជំងឺសរសៃប្រសាទព្យាបាលមិនធូរស្រាលក៏ដាច់ចិត្តគិតខ្លីបែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានមកពិនិត្យសាកសពហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១ មានករណីមនុស្សលង់ទឹកស្លាប់កើតឡើងនៅចំណុចភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ដោយជនរងគ្រោះមានឈ្មោះយស់ ផាន ភេទស្រីអាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បានលង់ទឹកស្រះជិតផ្ទះស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹក។
បើតាមក្រុមគ្រួសារបានអះអាងថា ម្ដាយរបស់គាត់មានជំងីប្រចាំកាយនិងវង្វេងស្មារតីយូរឆ្នាំមកហើយ ហើយកន្លងមកកូនៗធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែមិនបានធូរស្រាលសោះ។
ប្រភពដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុ ម្តាយរបស់គាត់បានដើរចេញពីផ្ទះតែម្នាក់ឯង ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថា ម្តាយគាត់បានរអិលជើងធ្លាក់ចូលទឹកស្រះស្លាប់បាត់ទៅហើយ។
បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន