ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ យុវសិស្សបានស្វែងយល់ពីការគ្រប់គ្រងធនធានធម្មជាតិនៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ យុវសិស្សជ័យលាភីនៃការប្រកួតប្រជែងនៃ «វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១» មកពីសាលាវិទ្យាល័យចំនួន ០៤ ក្នុងរាជធានីភ្នំពេញ រួមមាន៖ វិទ្យាល័យច្បារអំពៅ វិទ្យាល័យឬស្សីកែវ វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង និងវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បានស្វែងយល់ពីការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ នៅខេត្តមណ្ឌលគិរី។

តាមរយៈការចុះទស្សនកិច្ចសិក្សាផ្ទាល់នេះ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានទទួលចំណេះដឹងបរិស្ថានបន្ថែមទៀត ទាក់ទងនឹងការអភិវឌ្ឍន៍ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតាមរយៈគម្រោងឥណទានកាបូននៅតំបន់ដែកជម្រកសត្វព្រៃកែវសីមា។ ក្រៅអំពីការសិក្សា ស្រាវជ្រាវ នៅលើឯកសារនានា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានបង្ហាញស្មារតីចូលរួមថែរក្សា អភិរក្សធនធានទាំងអស់នេះអោយគង់វង្សបន្តទៀត។

នាឱកាសនោះ​ លោក ជួប ប៉ារីស បានលើកឡើងពីតម្លៃធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ផ្តល់តម្លៃមហាសាលដល់មនុស្សជាតិ ដែលក្នុងនោះបានផ្តល់មុខងារសម្រាប់ស្តុកកាបូន រក្សាលំនឹងធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជាជម្រកជីវចម្រុះគ្រប់ប្រភេទ ដែលក្នុងនោះប្រភេទសត្វកម្រៗ ឬជិតផុតពូជនៅលើពិភពលោក ហើយមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងកំពុងបន្តបេសកកម្មលើការការពារ និងអភិរក្សធនធានធម្មជាតិ សំរាប់កូនចៅតជំនាន់។

សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចសិក្សានេះដឹកនាំដោយ លោក ជួប ប៉ារីស អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថានមួយចំនួន និងលោកគ្រូ អ្នកគ្រូ និងយុវសិស្សជ័យលាភី និងគាំទ្រដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា  WCS រយះពេល០៣ ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ 

នៅក្នុងពេលស្វែងយល់ពីការគ្រប់គ្រងធនធានធម្មជាតិ អ្នកចូលរួមបាន យល់ដឹងពីការអភិវឌ្ឍន៍ជីវភាពសហគមន៍តំបន់ការពារធម្មជាតិឃុំស្រែព្រះ ទស្សនាសត្វទោច ស្វាកន្ទុយស មាន់ព្រៃ និងពស់ហនុមានភ្នែកក្រហម ទឹកជ្រោះឡេងអន ឡេងឃិន គម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា វាលស្មៅ និងការអភិរក្សសត្វដំរីនៅភូមិពូត្រុំ ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖