ភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃសៅរ៍ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៩ដល់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឡាវថ្មី បានធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។
លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេសបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
លោក ផនខាំ វីផាវ៉ាន់ ជានាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ដែលឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០២១ បន្តពីលោក ថងលួន ស៊ីសូលីត ដែលកាន់តំណែងជាប្រធានាធិបតីឡាវ។ មុនកាន់តំណែងនេះ លោកធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីឡាវចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ផងដែរ។
កម្ពុជា-ឡាវ ជាប្រទេសភូមិផងរបងជាមួយគ្នា ដែលមានព្រំប្រទល់ជាប់គ្នាប្រវែងជាង៥០០គីឡូម៉ែត្រ។ ក្នុងនាមជាប្រទេសជិតខាង កម្ពុជា-ឡាវ តែងជួយគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសថែមទៀតជូនទៅរដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ តាមរយៈសារលិខិតរបស់ខ្លួន បានបង្ហាញនូវការដឹងគុណ និងអរគុណក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសដល់រដ្ឋាភិបាល និងប្រជាជនឡាវ។
នាយករដ្ឋមន្ត្រីឡាវ បានចាត់ទុកការផ្តល់ជំនួយនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីទឹកចិត្តសប្បុរសធម៌យ៉ាងពិតប្រាកដរបស់សម្តេចតេជោ និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ៕
ដោយ៖ស តារា