ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងមិនប្រយ័ត្នបណ្ដាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត១០០ម៉ែត្ររងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង ៥០នាទីយប់ថ្ងៃទី ២៨ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចស្តុបត្រឡោកបែក តាមបណ្តោយផ្លូវ ៥៩៨កែងនឹងផ្លូវ ៣១៥ ស្ដិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខកំពង់ចាម2A-3793ធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៣១៥ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មរងការខូចខាតបន្តិចបន្តួច ឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត ១០០ ម៉ែត្ររងការខូចខាតផ្នែកខាងមុខយ៉ាងយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖