ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសពសម្តេចក្រុមព្រះរណឬទ្ធិនឹងត្រូវដង្ហែរមក មាតុភូមិកម្ពុជាវិញ !

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់អោយដឹងថា , ព្រះរាជសពសម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវបញ្ជូនត្រឡប់មក កម្ពុជាវិញនាពេលខាងមុខ។

ការបញ្ជាក់របស់គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពី សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅវេលាម៉ោង ៩និង៤០នាទីនៅ ប្រទេសបារាំង ត្រូវនឹងម៉ោង ៣និង៤០នាទីនៅភ្នំពេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃនេះគណបក្សហ៊្វុនស៊ិន ប៉ិចបានលើកឡើងថា៖ «ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជា ណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ» ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទិវង្គត នៅព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ។ ព្រះអង្គ ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជា បុត្រទី២របស់សម្តេចព្រះនរោត្ដម សីហនុ និងព្រះជាយា ផាត់ កាញ៉ុល។

ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពី ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំនិងភរិយា សូមចូលរួមរំលែក ព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងព្រះរាជបុត្រាបុត្រី ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះ ការបាត់បង់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្ស ដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយ ព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។

ទន្ទឹមនេះ ទូលព្រះបង្គំនិងភរិយាសូមលំឱនកាយវាចាចិត្ដឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖