ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត ភក្ត្រា ៖ មោទកភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ លើកទី៧

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រោយចូលជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ ១៩៩៤ កម្ពុជាបានទទួលរៀបចំជាលើកទី១ នូវមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១ ក្រោម ប្រធានបទ«បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។ នេះជាការថ្លែងរបស់ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ 

លោកបន្តថា, មហាសន្និបាតដែលមានកិច្ចប្រជុំអមជាច្រើននឹង ប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ និងការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេងនិងរូបភាពពីបណ្តាប្រទេសជាសមាជិកនៃអង្គការ PEMSEA។ 

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នេះដែលរួមមានកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រីគឺជាមហាសន្និបាតលើកទី៧ ហើយបន្ទាប់ពីបានរៀបចំជាលើកទី១ នៅឆ្នាំ២០០៣ នៅប្រទេសម៉ាឡេស៊ី។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន ប្រ៊ុយណេ កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។ 

លោករដ្ឋលេខាធិការបញ្ជាក់ថា, នេះគឺជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារនិងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។ មុននឹងឈានដល់ការរៀបចំមហាសន្និបាតសមុទ្រឆ្នាំ២០២១ ដែលត្រូវរៀបចំនៅកម្ពុជាគឺជាលើកទី៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» មានព្រឹត្តិការណ៍អមជាច្រើនចាប់តាំងពីខែមករា មកដល់ខែ វិច្ឆិកា ឆ្នាំ២០២១ នេះរួមមានការប្រជុំពិភាក្សាតុមូល សិក្ខាសាលា និងប្រជុំក្រុមប្រឹក្សារបស់អង្គការ ដើម្បីពិនិត្យលើវឌ្ឍភាពនៃការងារនិងសមិទ្ធផលទាំងអស់ រួមទាំងការធានាសន្តិសុខស្បៀង ចំណូល និងជីវភាពនៃ មនុស្សដែលរស់នៅតំបន់ឆ្នេរ និងការស្តារឡើងវិញនូវធនធានធម្មជាតិនៅក្នុងសមុទ្រដូចជាផ្កាថ្មី ស្មៅសមុទ្រ និងព្រៃកោងកាង រួមនឹងការគ្រប់គ្រងលើការបំពុលទឹក ការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅនឹងការប្រែប្រួលអាកាស និងការរស់នៅរបស់សហគមន៍។ 

នៅក្របខណ្ឌនៃមហាសន្និបាតឆ្នាំ២០២១ នេះមានព្រឹត្តិការណ៍សំខាន់ចំនួន ៣ គឺទី១ សន្និសីទអន្តរជាតិ ដែលមានការចូលរួមពីវាគ្មិនល្បីៗពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ចខៀវ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ ទី២) វេទិការដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តាប្រទេសសមាជិកអង្គការទាំង ១១ ដែលផ្តោតលើការរៀបចំផែនទីនៃការអភិរក្ស និងអភិវឌ្ឍតំបន់សមុទ្រដែលគិតគូរពីសុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ចពីឆ្នាំ២០២១ ដល់២០៣០ និងទី៣) ផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសសមាជិក៕

ដោយ ៖ សិលា


ចែករំលែក៖