ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលចែកអាវរងា អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ជូនកងកម្លាំងមកពី​ការិយាល័យផ្នែកសឹករងក្រុង ស្រុកចំណុះក្រោមឱវាទ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់តំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ានី ហ៊ុន​ សែន​ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់នៅក្រោមឱវាទ។

នៅក្នុងឱកាសសំណេះសំណាលនេះដែរ លោកមេបញ្ជាការ មានប្រសាសន៍លើក ឡើងថា ជារៀងរាល់ឆ្នាំកងកម្លាំងតែងតែទទួលបានអំណោយ ឧបត្ថម្ភនូវអាវភ្លៀងបានមុនរដូវភ្លៀង និងផ្តល់អាវរងា មុនរដូវរងាមកដល់ ដែលនេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខកងកម្លាំងរបស់យើង នៅគ្រប់ពេលវេលាទាំងអស់។

ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្នុងនាម នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមប្តេជ្ញារួមគ្នាចូលរួមទប់ស្កាត់ និងបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជាដាច់ខាត។

ជាចុងក្រោយ នាយទាហាន នាយ ទាហានរង ពលទាហាន ទាំងអស់ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំបផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ានី ហ៊ុន​ សែន ដែលជានិច្ចកាលតែងតែគិតគួរ យកចិត្តទុកដាក់សុខទុក្ខរបស់កងទ័ព នៅគ្រប់ពេលវេលា និងបានគោរពជូនពរ មានសុខភាពល្អ ទទួលជោគជ័យនៅក្នុងភារកិច្ចការងារ ដើម្បីបន្តដឹកនាំជាតិមាតុភូមិទទួលបានសុខសន្តិភាពតរៀងរហូតទៅ៕

ដោយ៖ សូរិយា


ចែករំលែក៖