ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ខណៈដែលយកខ្សែភ្លើងទៅរាយដើម្បីឆក់ត្រីស្រាប់តែឆ្លងចរន្តបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងបរិវេណដីឡូត៍ ភូមិព្រៃកី(ខ) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ម៉េង និញ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅឃុំដងទង់ ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា កាលពីព្រឹកគេបានឃើញជនរងគ្រោះទៅរើសអេតចាយ ហើយមិនដឹងជានឹកឃើញយ៉ាងម៉េចទេស្រាប់តែជនរងគ្រោះយកខ្សែភ្លើងទៅរាយដើម្បីឆក់ត្រីនៅខាងក្រោយរោងស្នាក់នៅដោយមិនមានអ្នកណាដឹងសោះឡើយ។ រហូតដល់វេលាម៉ោង១២និង៣០នាទីថ្ងៃដដែល ដោយបាត់ជនរងគ្រោះមិនឃើញសោះក៏នាំគ្នាដើររក ស្រាប់តែឃើញខ្សែភ្លើងរាយចូលទៅក្នុងទឹកខាងក្រោយរោងស្នាក់នៅ ក៏នាំគ្នាទៅមើល ហើយក៏ឃើញជនរងគ្រោះត្រូវខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយកើតហេតុអ្នកនៅទីនោះក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ រួចទើបប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖និន សុភ័ស្ត