ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កណ្ដាល​ អបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២១)

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ បេី​យោងតាម​ប្រភព​ព័ត៌មាន​ពី​លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅរសៀល​ថ្ងៃចន្ទ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កាលពី ៣ឆ្នាំមុន( ២៨ វិច្ឆិកា ២០១៨ ) នៅទីក្រុងព័រល្វី ប្រទេសម៉ូរីស “ ល្ខោនខោល “ គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ 

ជាក់ស្ដែង​ លោកអភិបាល​ខេត្ត​កណ្តាល​ បានបន្ថែមថា​ លោក និងលោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយ​ក​​​​ដ្ឋា​នបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០​២​១​)​​ នៅវត្តស្វាយអណ្តែត ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

សូមជម្រាបជូនថា ល្ខោនខោល គឺជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ 

ការណ៍នេះ បង្ហាញឱ្យឃើញអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ វិចិត្រ សិល្បៈ ជាសេនាធិការ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការយកចិត្តទុកដាក់ អភិរក្ស កេរ្ត៍តំណែល​​មិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងបានស្នើចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដែលនេះ គឺជាមោទនភាពរបស់ប្រជាពលរដ្ឋ និងបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសា​យ​​ទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេច​ធ្លោថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក។ 

យោងតាមសៀវភៅបញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា ដែលរៀបរៀងដោយក្រសួងវប្បធ​ម៌​ និងវិចិត្រសិល្បៈ បានបង្ហាញថា ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុងឈុតឆាករឿង រាមកេរ្តិ៍ តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោល ហើយកំដរដោយភ្លេងពិណពាទ្យ។ 

បើផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថា ល្ខោនខោលមានដើមកំណើតពី ល្ខោនភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ សតវត្សរ៍ទី ៩-១៤ មកដែរ។ 

សព្វថ្ងៃនេះ យើងសង្កេតឃើញថាការសម្តែងល្ខោនខោល គឺមានពីរបែប ទីមួយ គឺសម្តែងដើម្បីកម្សាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួច និងល្ខោនខោលមួយប្រភេទទៀត គឺស្ថិតនៅជាប់នឹងជំនឿក្នុងសហគមន៍។

នៅក្នុងក្រុមល្ខោនខោលប្រភេទទី១ មានដូចជាក្រុមល្ខោន ខេត្តបាត់ដំបង ដែលជាក្រុមជួលសម្តែងកម្សាន្តក្នុងពិធីបុណ្យទាននានា។ ចំណែកនៅរាជធានីភ្នំពេញ មានក្រុមល្ខោននៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមល្ខោនខោលយុវជនល្ខោនខោលកម្ពុជា ដែលច្រើនតែតម្លើងល្ខោននេះ សម្រាប់សម្តែងលេង កម្សាន្តក្នុងឱកាសពិសេសនានាក្នុងកម្រិតជាតិ។ 

ចំណែកល្ខោនប្រភេទទី២នោះ គឺជាប់ជាពិសេសនឹងសហគមន៍ វត្តស្វាយអណ្តែត ហើយល្ខោនវត្តនេះពុំមែនគ្រាន់តែសម្តែងសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ គឺគេសម្តែងនៅក្នុងបរិបទជំនឿ ដែលគេជឿថា ពេលសម្តែងល្ខោននេះ នឹងទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃ ហើយពិសេសនោះគឺទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និងភោគផលល្អបរិបូរណ៍សម្រាប់រដូវដាំដុះខាងមុខ។

ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលនេះជាមោទនភាពដ៏ក្រៃលែង របស់ប្រជាពលរដ្ឋស្រុកល្វាឯម ខេត្តកណ្តាល និងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា​ទាំងមូល​។ 

ដោយសារតែនេះគឺជាមោទនភាពរបស់អ្នកស្រុកវត្តស្វាយអណ្តែត នៃស្រុកល្វាឯម ខ្ញុំសូមអនុញ្ញាតធ្វើការជម្រាប​លម្អិតបន្តិចអំពីប្រវត្តិល្ខោនខោលវត្តស្វាយអណ្តែត។  ល្ខោនខោលវត្តស្វាយអណ្តែ​ត​​ មានអាយុកាលរាប់តំណមនុស្ស ក្នុងសហគមន៍ ដែលទទួលបានការគាំទ្រពីសំណាក់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការយូនីស្កូ ដៃគូអភិវឌ្ឈន៍ ក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានរួមសាមគ្គីគ្នាបន្តថែរក្សា ការពារ និងបណ្តុះបណ្តាលដល់ក្រុមគ្រួសារ ជីដូនជីតា មាតាបិតា និងបងប្អូន កូនចៅ ជារៀងរហូតមក ជាពិសេសរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី សម្តែងប្រចាំឆ្នាំ។

ល្ខោនខោលនៅក្នុងសហគមន៍វត្តស្វាយអណ្តែតមានលក្ខណៈពិសេសមួយ  ដោយសារការបណ្តុះបណ្តាលបន្តពីជំនាន់មួយទៅជំនាន់មួយ គឺជីតាបង្ហាត់ចៅ ឳពុកបង្ហាត់កូន បងបង្ហាត់ប្អូន ជា​​បន្ត​បន្ទាប់ជាច្រើនតំណមនុស្ស ម៉្យាងទៀតការសម្តែងជាប្រពែណីរៀងរាល់ឆ្នាំ មិនមែនសម្រាប់រកកម្រៃទេ ពោលគឺល្ខោនខោលមួយនេះ ឋិតថេរនៅជាប់ជាមួយជំនឿយ៉ាងមុតមាំរបស់អ្នកស្រុក  ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើនបញ្ជៀសឧបទ្រពចង្រៃ ក៏ដូចជាការបន់ស្រន់សុំទឹកភ្លៀងគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល និងទទួលបានភោគផលបរិបូរណ៍សម្រាប់រដូវដាំដុះរបស់បងប្អូន។ ម៉្យាងទៀតប្រជាជនក្នុងសហគមន៍បានចាត់ទុកថា ការសម្តែង រឿងរាមកេរ្តិ៍ ដែលប្រព្រឹត្តិទៅរៀងរាល់ឆ្នាំមិនដែលខកខាននេះ ជាកាតព្វកិច្ចរបស់អ្នកភូមិចំណុះជើងវត្តស្វាយអណ្តែត ហើយស្ថិតនៅក្នុងវត្តដែលជាទីក​ន្លែ​ង​​ ថែរក្សា អភិរក្ស តរៀងមក​​​៕

ដោយ​៖សហការី​


ចែករំលែក៖