ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ប្រជុំបូកសរុបរបាយការណ៍សកម្មភាពការងារអភិវឌ្ឍន៍ធនធាន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២» …!!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីកាកបាទក្រហមកម្ពុជា (កក្រក) នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំដោយផ្ទាល់ និងតាមអនឡាញ (Zoom) ស្តីពី «ការបូកសរុបរបាយការណ៍សកម្មភាពការងារអភិវឌ្ឍន៍ធនធាន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២» ក្រោមអធិបតីភាពលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កក្រក និងលោកស្រី​ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក ព្រមទាំងអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីពាក់ព័ន្ធនៃទីស្នាក់ការកណ្តាល, ថ្នាក់ដឹកនាំ-មន្ដ្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជន នៃសាខា កក្រក ទាំង ២៥រាជធានី-ខេត្ត, សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ទីប្រឹក្សាយុវជន និងយុវជន កក្រក នៃ ២៣ គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ១៧៥នាក់។ 

ក្នុងឱកាសនោះ លោក ពិត ចំណាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល, គណៈកម្មាធិការ មន្ដ្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក នៃសាខាទាំង ២៥រាជធានី-ខេត្ត និងសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ទីប្រឹក្សាយុវជន និងយុវជន កក្រក នៃ ២៣ គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្តសកម្មភាពការងារមនុស្សធម៌យ៉ាងផុសផុលនាពេលកន្លងមកតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

អង្គប្រជុំបានពិនិត្យពិភាក្សា ពិគ្រោះយោបល់ ពិភាក្សា និងឆ្លុះបញ្ចាំងសមិទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២ ដើម្បីចូលរួមពិនិត្យតាមដាន វាយតម្លៃ និងសំណូមពរ ឈានទៅរកដំណោះស្រាយជូនសាខា កក្រក ២៥ រាជធានី-ខេត្ត និងគ្រឹះស្ថានឧត្តមសិក្សា២៣ ក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសបូកសរុបកិច្ចប្រជុំ លោក ពិត ចំណាន បានមានផ្តល់អនុសាសន៍មួយចំនួនរួមមាន ៖

១. សូមបន្ដពង្រឹង និងពង្រីកកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្ននេះ មានជាង ៥ម៉ឺននាក់នៅទូទាំងប្រទេស។

២. សម្របសម្រួលការផ្ទេរជីវភាពរបស់សមាជិកយុវជន កក្រក នៅតាមសាខា ២៥រាជធានី-ខេត្ត ឱ្យមានលទ្ធភាពបន្ដសុឆន្ទៈបំពេញការងារមនុស្សធម៌របស់ខ្លួននៅថ្នាក់គ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ។

៣. បន្តពង្រឹង បណ្តុះសមត្ថភាពដល់យុវជន កក្រក ស្តីពី វិជ្ជាសង្គ្រោះបឋម គោលការណ៍គ្រឹះរបស់ចលនា ច្បាប់មនុស្សធម៌អន្តរជាតិ។

៤. បន្ដយកចិត្តទុកដាក់ និងអនុវត្តទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា»។

៥. បន្ដពិនិត្យផ្ទៃក្នុងក្លឹបយុវជនកក្រក ដោយត្រូវយកចិត្តទុកដាក់ និងជួយដោះស្រាយសម្រាលទុក្ខលំបាកផ្នែកជីវភាពរបស់សមាជិកយុវជន សិស្ស និស្សិត បុគ្គលិក គ្រូបង្រៀន នៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន។

៦. បន្តកិច្ចសហប្រតិបត្តិការរវាងយុជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិជាតិកម្ពុជា និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា រួមកម្លាំងគ្នាធ្វើកិច្ចការងារសង្គម ដើម្បីពង្រឹងបំណិនជីវិត និងជួយដល់សិស្ស និស្សិត បុគ្គលិក គ្រូបង្រៀន និងប្រជាពលរដ្ឋនៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ដែលជួបទុក្ខលំបាក។

៧. បន្ដពង្រឹងសមត្ថភាពយុវជន តាមរយៈការផ្ដល់អាហារូបករណ៍ ជូនសមាជិកយុវជនកក្រក ដែលសកម្ម រៀនពូកែ និងខ្វះលទ្ធភាពបង់ថ្លៃសិក្សាមានឱកាសបន្ដសិក្សានៅថ្នាក់គ្រឹះស្ថានឧត្តមសិក្សា៕

ដោយ​៖ស​ តារា​


ចែករំលែក៖