ភ្នំពេញ៖ បុរសជនជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត Lexus RX330 មួយគ្រឿងក្នុងល្បឿនជ្រុលចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីគន្លងជួរនិងវៀចអស់ជាច្រើនផ្ទាំង រួមនឹងបង្គោលភ្លើងផ្លូវបំភ្លឺផ្លូវមួយដើមក៏ត្រូវបាក់រាបដល់ដីដែរ រីឯរថយន្តកល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនជាតិបរទេសម្នាក់បើករថយន្ត Lexus RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-1586ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តនេះបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីជួរមួយផ្ទាំងនិងវៀចអស់ជាច្រើនផ្ទាំងទៀត រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមក៏បាក់រាបដល់ដីដែរ រីឯរថយន្តកល់ជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុអ្នកបើករថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែករថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ