ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត Lexus RX300 ក្នុងល្បឿនលឿនបានគេចពីរថយន្ត Hilux Vigo ដែលបម្រុងនឹងបើកឆ្លងថ្នល់ ធ្វើឱ្យរេចង្កូតជ្រុលទៅបុករថយន្តតាកូម៉ាមួយគ្រឿងទៀតដែលកំពុងចតនៅលេីចិញ្ចេីមផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្ត Lexus ដាច់កាឡេកង់ឆ្វេងផ្នែកខាងក្រោយទៅបោកផ្ទប់នឹងបង្គោលភ្លេីង ទៅមុខលែងរួច ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខក្រុមហ៊ុន ហុងដា ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់នេះកើតឡើង គេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-9071 ពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី រថយន្តនេះបានគេចពីរថយន្តម៉ាក Hilux Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-8978 រួចក៏រេចង្កូតជ្រុលទៅបុករថយន្តតាកូម៉ាមួយគ្រឿងទៀតដែលកំពុងចតលេីចិញ្ចេីមផ្លូវយ៉ាង ពេញទំហឹងបណ្ដាលឱ្យរថយន្ត Lexus ដាច់កាឡេកង់ឆ្វេងផ្នែកខាងក្រោយបោកផ្ទប់នឹងបង្គោលភ្លេីងទៅមុខលែងរួច ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ