នៅថ្ងៃទី២៩ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោកបៃឌិនបានអំពាវនាវដល់ពលរដ្ឋមិនត្រូវភ័យខ្លាចចំពោះកូវីដ-១៩បំប្លែងថ្មី Omicron នោះឡើយ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានឡើងគម្រោងទប់ទល់ជាមួយកូវីដ-១៩ បំប្លែងថ្មី ដោយសហការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ។
លោកបៃឌិនបញ្ជាក់ថា អាមេរិកនឹងមិនវិលត្រឡប់ទៅកាន់ដំណាក់កាលនៃការបិទទ្វារប្រទេសដើម្បីទប់ស្កាត់កូវីដ-១៩បំប្លែងថ្មីនោះឡើយ។ នៅពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ លោកនឹងបញ្ចេញយុទ្ធសាស្ត្រទប់ទល់ជាមួយកូវីដ-១៩ក្នុងរដូវរងាឆ្នាំនេះ។
ប្រធានាធិបតីបៃឌិនបានប្រកាសនៅសេតវិមាន ក្រោយកិច្ចប្រជុំជាមួយក្រុមជំនាញទប់ស្កាត់កូវីដ-១៩ ថា «កូវីដ-១៩ បំប្លែងថ្មី គួរឱ្យបារម្ភ ប៉ុន្តែយើងមិនត្រូវភ័យខ្លាចនោះឡើយ»។
នៅពេលនេះវីរុសបំប្លែងថ្មី Omicron បានធ្វើឱ្យប្រទេសជាច្រើននៅជុំវិញពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង ដោយបានសម្រេចបិទព្រំដែនអាកាសជាមួយប្រទេសក្នុងទ្វីបអាហ្វ្រិក ដែលជាតំបន់ឆ្លងរាលដាលកូវីដបំប្លែងថ្មី។
ជាមួយគ្នានោះដែរ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា មេរោគ COVID-19 បំប្លែងថ្មី «អូមីក្រុង» (Omicron) មាន «ហានិភ័យខ្ពស់» ដែលអាចបង្កឱ្យករណីឆ្លងជំំងឺនេះកើនឡើង ខណៈដែលការបិទព្រំដែនដោយប្រទេសកាន់តែច្រើន កំពុងក្លាយជាក្តីមន្ទិល ចំពោះការស្តារសេដ្ឋកិច្ចពិភពលោក ឡើងវិញពីជំងឺរាតត្បាតសកល ដែលបានអូសបន្លាយអស់ពីរឆ្នាំមកហើយ។
អាកាសចរណ៍អន្តរជាតិទាំងតូចទាំងធំនៅលើពិភពលោកបានចាត់វិធានការភ្លាមៗ កាលពីសប្តាហ៍មុន ដើម្បីតាមដានលើអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេដឹងថា ជាអ្នករកឃើញវីរុសបំប្លែងថ្មី Omicron នេះមុនគេ។ ការចាត់វិធានការភ្លាមៗនេះ គឺត្រូវបានចាត់ទុកថា ជាការរួមចំណែកជួយទប់ទល់នៅក្នុងដំណាក់កាលបឋមដើម្បីកុំឱ្យវីរុសថ្មីនេះរីករាលដាលទៅប្រទេសផ្សេងៗទៀត។
ឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែកើនឡើង និងការចាត់វិធានការភ្លាមៗពីប្រទេសនានា ជាពិសេសគឺការបិទទ្វារលែងស្វាគមន៍ប្រជាជនមកពីតំបន់អាហ្វ្រិកខាងត្បូងនោះ, WHOបានណែនាំសមាជិកទាំង១៩៤ប្រទេសរបស់ខ្លួនថា ការកើនឡើងនៃករណីឆ្លងណាមួយ (បង្កឡើងដោយ Omicron) អាចនឹងក្លាយជាករណីធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់នឹងដើមសប្តាហ៍នេះ ពុំទាន់មានករណីស្លាប់ណាមួយដោយសារ COVID-19 មានជាប់ពាក់ព័ន្ធនឹងវីរុស Omicron នៅឡើយទេ។
WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា Omicron កើតចេញពីការបំប្លែងខ្លួនច្រើនលើកដែលយើងពុំធ្លាប់បានឃើញកន្លងមកចំពោះវីរុស ហើយប្រាកដណាស់វាអាចមានសក្តានុពល បង្កឱ្យសោកនាដកម្មនៃជំងឺរាតត្បាតសកល COVID-19 កាន់តែរីកធំឡើង។ WHO បានសង្កត់ធ្ងន់ជាចុងក្រោយថា «ហានិភ័យជាសកលពាក់ព័ន្ធនឹង Omicron គឺពិតជាខ្ពស់ណាស់»៕
ដោយ៖ធីរីណា(រូបថត៖Reuters )