ព័ត៌មានទាន់ហេតុការណ៍៖

ប្រសិនបេីសាធារណជន​មានបញ្ហាគ្រោះអគ្គិភ័យកេីតឡេីងដោយប្រការណាមួយនោះ​ សូមធ្វេីការរាយការណ៍មកកាន់លេខ​ 666

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់​ ឱ្យ​បានជ្រាបថា៖​ ប្រសិនបេីសាធារណជនមានបញ្ហាគ្រោះអគ្គិភ័យកេីតឡេីងដោយប្រការណាមួយនោះ​ សូមធ្វេីការរាយការណ៍មកកាន់លេខ​ 666​ ភ្លាមៗ​ កម្លាំងជំនាញរបស់យេីងនឹងចេញរថយន្តពន្លត់អគ្គិភ័យ​ដេីម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា​​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ តំណាងដ៏ខ្ពង់ខ្ពស់របស់​លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់តំណាងស្ថានទូតជប៉ុន​ និងគ្រូបង្វឹ​ក​ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា​ម្សិលមិញនេះ​ បានអញ្ជេីញបេីកវគ្គបណ្តុះបណ្តាលរៀនបើករថយន្តពន្លត់អគ្គិភ័យថ្មី ដែលជាជំនួយរបស់ប្រជាជនជប៉ុនដល់មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ចំណុះឱ្យការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។ 

ដោយនៅក្នុងការអញ្ជេីញបេីកវគ្គបណ្តុះបណ្តាលនេះដែរ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ក៏បានប្រាប់ឱ្យដឹងថា​ ដេីម្បីឱ្យមន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់​ត្រូវចេះអំពីវិធីសាស្ត្រក្នុងការប្រេីប្រាស់រថយន្ត​ពន្លត់អគ្គិភ័យប្រភេទថ្មី ដែលជាអំណោយរបស់ប្រជាជនជប៉ុនតាមរយៈសាលារាជធានីភ្នំពេញ។ដោយនៅក្នុងការបណ្តុះបណ្តាលនេះ​ដែរ គឺដេីម្បីឱ្យមន្ត្រីជំនាញពន្លត់អគ្គិភ័យ​ត្រូវចេះប្រើប្រាស់រថយន្តខាងលើ ដើម្បីប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ​ដែលរងគ្រោះដោយអគ្គិភ័យ​។ 

លោកវរសេនីយ៍ឯក​ នាយការិយាល័យ​ បានបន្តថា​ មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់​ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត​សម្រាប់ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទាំងនោះ ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ 

លោកវរសេនីយ៍ឯក​ ក៏បានក្រើនរំលឹកចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ និងបណ្តាគោលដៅដែលបានប្រចាំការទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការងារជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា​ និងត្រូវតាមដានពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ​ដើម្បីរួមគ្នាដោះស្រាយសម្រាលទាំងបញ្ហាជីវភាព សុខុមាលភាពជូនពួកគាត់ និងពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំង​ ការប្រចាំការ ត្រៀមចុះជួយប្រជាពលរដ្ឋក្នុងករណីមានគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងរំលឹកដល់មន្ត្រីនគរបាលទាំងអស់បន្តយកចិត្តទុកដាក់ការពារសុខភាព​ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ តាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល៕

ដោយ​៖សហការី​


ចែករំលែក៖