ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃមិនផ្លាស់ប្តូរគម្រោងបើកទ្វារប្រទេសឡើយបើទោះបីមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មី Omicronក្តី

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងបាងកកបានប្រកាសថា នឹងមិនពន្យារពេលបើកទ្វារប្រទេសនោះឡើយបើទោះបីមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicronក្តី។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក Phiphat Ratchakitprakar នៅថ្ងៃទី២៩ខែវិច្ឆិកាបានប្រកាសថា ប្រទេសនេះនឹងមិនផ្លាស់ប្តូរគម្រោងបើកទ្វារប្រទេសដូចការគ្រោងទុកនោះឡើយ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានបញ្ជាក់ថា ក្នុងថ្ងៃដំបូងដែលបើកទ្វារវិស័យទេសចរណ៍ ថៃទទួលបានអ្នកទេសចរបរទេសជាង១សែននាក់ គឺកើនឡើង៣ដង ។ នេះជាក្តីសង្ឃឹមដើម្បីដំណើរការសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។
តាមគម្រោង ថៃនឹងទាក់ទាញអ្នកទេសចរប្រមាណពី៣សែននាក់ទៅ៤សែននាក់ នៅចុងឆ្នាំ២០២១នេះ ពិសេសក្នុងឱកាសបុណ្យគ្រឹស្តស្មាស់។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសថៃ ក្រសួងសុខាភិបាលថៃ បានប្រកាសថា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៣០៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៣៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន ៦,៤០៧នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១១៥,៨៧២ករណី ក្នុងនោះមានអ្នកស្លាប់ ២០,៧៧១នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,០១៩,៤២៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប៩២.៦៨លានដូស ក្នុងនោះប្រជាជន ៤១.២៨លាននាក់ (៥៩.០១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖