នៅលើពិភពលោក ប្រសិនបើអាហ្វ្រិកខាងត្បូងចែករំលែកព័ត៌មានស្តីពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី Omicron បានទាន់ពេលវេលា គឺជួយដល់ពិភពលោកអាចទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះបានល្អ។ ប្រសិនបើការផ្តល់ព័ត៌មានយឺតយ៉ាវនោះពិភពលោកនឹងប្រឈមគ្រោះអាសន្នកាន់តែខ្លាំងដោយសារជំងឺឆ្លង។
សារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានផ្សាយថា ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាហ្រ្វិកខាងត្បូង សម្រាប់ការចែករំលែកព័ត៌មានបានទាន់ពេលវេលា ស្តីពីវីរុស COVID-19 បំប្លែងថ្មី Omicron ដែលទើបតែរកឃើញ នាពេលថ្មីៗនេះ។
ថ្លែងនៅក្នុងសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ប្រទេសចិននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
នៅពេលនេះដែរមន្ត្រីសុខាភិបាលចិនបាននិយាយនៅថ្ងៃ៣០ខែវិច្ឆិកាថា ចិនមិនទាន់រកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicronនៅឡើយទេ រហូតមកដល់ពេលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួនៅល្ងាចថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក Qian Zhaohui អ្នកជំនាញនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រចិនបានបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron បានឆ្លងរីករាលដាលយ៉ាងលឿនរហ័សបំផុតបើផ្អែកលើទិន្នន័យដែលត្រូវបានរាយការណ៍ ចុងក្រោយបង្អស់នៅអាហ្វ្រិកខាងត្បូង។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនត្រូវការពេលប៉ុន្មានសប្តាហ៍ទៀតឯណោះ ដើម្បីកំណត់ពីឥទ្ធិពលពិតប្រាកដរបស់ Omicron៕ ដោយ៖ធីរីណា
រូបថត៖ TTXVN-VNA