ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទទួលជួប ពិភាក្សាការងារជាមួយ ឯកអគ្គ រដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីTeo Lay Cheng ដែលបានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារ ណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២១ កន្លងទៅ។ 

នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមក ហើយបានបង្ហាញនូវបំណងបន្តពង្រឹង និងពង្រីកឲ្យខ្លាំងក្លាបន្ថែមទៀត។ លោក ស្រីក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យដែល រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅ ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងយុទ្ធនាការជាតិចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ។ 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ និង អបអរសាទរចំពោះលោកជំទាវឯកអគ្គរដ្ឋទូតថ្មី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា, លំហាត់ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានាជាដើម។

 ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរីសម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕

ដោយ៖ សូរិយា


ចែករំលែក៖