ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃពុធទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅទីស្តីការក្រសួង លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកសមាជិកានៃអនុគណៈកម្មការទាំងពីរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីជជែកពិភាក្សា ប្រមូលធាតុចូល ក៏ដូចជារាយការណ៍អំពីការងារសម្រេចបាននា ពេលកន្លង សំដៅរៀបចំជាបទបង្ហាញអំពីសមិទ្ធផលរួមរបស់គណៈកម្មការអន្តរក្រសួងក្នុងការត្រៀមខ្លួនបានទាន់ពេលវេលា ដើម្បីរាយការណ៍ជូនសន្និបាតប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ក្រសួង។
កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីអនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃទាក់ទងនឹងលទ្ធផលការងារសម្រេចបានកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ និងការធ្វើបទបង្ហាញពីអនុគណៈកម្មការផ្សព្វផ្សាយ និងផ្តល់ជំនួយបច្ចេកទេស ទាក់ទងនឹងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងផែនការបន្ទាប់សម្រាប់ឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានឱ្យ ដឹងថា៖ ក្នុងរយៈពេល១១ខែ (កុម្ភៈ ដល់ វិច្ឆិកា) ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនលក់បានចំនួន ៤៨០២ លេខ ទទួលបានចំណូលថវិកាប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងផ្លាកលេខពិសេសរាជធានី-ខេត្តលក់បាន ២៥៣៦៤ លេខ ទទួលបាន ចំណូលថវិកាប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល ក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរ យ៉ាងជ្រាលជ្រៅដល់អនុគណៈកម្មការទាំងពីរ ដែលបានរាយការណ៍បច្ចុប្បន្នការងារ ក៏ដូចជាបញ្ជាក់បន្ថែមអំពីបច្ចេកទេសព័ត៌មានវិទ្យា និងលទ្ធផលការងារដែលបានខិតខំប្រឹងប្រែងសម្រេចបានក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ជាពិសេសបានកោតសរសើរចំពោះមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ ដែលបានឆ្លើយតប និងផ្តល់ព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។
បន្ថែមពីលើនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរអំពីសមិទ្ធផលការងារសម្រេចបានទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនកាន់តែមាន ភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីភាពចាស់ទុំជាងមុន និងគួររតែលើកយកទៅបង្ហាញនៅ ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២របស់ក្រសួងផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងអំពីផែនការសកម្មភាពក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ជាពិសេសការអញ្ជើញក្រុមហ៊ុនឱ្យធ្វើការជាមួយយើងដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបានឯកភាពលើផែនការយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធ DIGITAL ការប្រារព្ធខួបពីរឆ្នាំនៃការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស ផ្ទាល់ខ្លួន ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដតាមបណ្ដារាជធានី-ខេត្ត ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីលេខពិសេសផ្ទាល់ខ្លួន(កម្ពុជា) ក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនៅតាមរាជធានី-ខេត្តផងដែរ។
បន្ថែមពីនេះ លោកស្រីប្រធានអង្គប្រជុំ ក៏បានឯកភាពផងដែរលើការបណ្តុះបណ្តាលក្រុមការងារបច្ចេកទេស (Developer)ឱ្យមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT) កម្រិតខ្ពស់ផ្នែកដោះស្រាយបញ្ហា (Algorithm) និងបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ដើម្បីឱ្យកាន់ការងារលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ហើយក្រោយបញ្ចប់ការបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេសនេះមានសមត្ថភាពអាចធ្វើការ បានកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការឆ្លើយតបនឹងទំហំការងារកាន់តែធំ ជាពិសេសអាចដោះ ស្រាយបញ្ហាប្រឈមនានាបានកាន់តែប្រសើរឡើងថែមទៀត។
ជាទីបញ្ចប់ លោកស្រីរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានស្នើឱ្យអនុគណៈកម្មការជំនាញទាំងពីររៀបចំ របាយការណ៍អំពីសមិទ្ធផលការងារសម្រេចសំខាន់ៗជារួមដាក់ជូនកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងពិនិត្យ និងពិភាក្សា ដើម្បីត្រៀមខ្លួនបានទាន់ពេលវេលាក្នុងការចូលរួមរាយការណ៍ជូនសន្និបាតប្រចាំឆ្នាំ២០២១ របស់ក្រសួង ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ៕
ដោយ៖ស តារា