ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែធ្នូ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព ជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់យោធាចារ្យ បុគ្គលិកសាលាទាំងអស់ ពីសំណាក់ មេបញ្ជាការ កងទ័ពជេីងគោកបានផ្តល់ការឧបត្ថម្ភជាប្រចាំខែ ទោះជាកាល:ទេស:នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះក៏ដោយ ក៏ឯកឧត្តមនៅតែផ្តល់ជូនសាលា និងយោធាចារ្យ ដែលជាថ្នាលបណ្តុះបណ្តាលធនធាន មនុស្ស នៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ ក៏បានរំលឹកបន្ថែមដល់យោធាចារ្យ ត្រូវយកចិត្តទុកដាក់ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩ ដេីម្បីរួមគ្នាបញ្ចប់ការឆ្លងជាសហគមន៏ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោឲ្យបានដាច់ខាត។
គួរបញ្ចាក់ថា មិនមែនតែយកភូមិភាគ៣ នោះទេដែលទទួលបានការយកចិត្តទុក ដាក់ពីសំណាក់លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោក នៅតាមបណ្ដាភូមិភាគផ្សេងទៀតក៏ទទួលបានការជួយយកចិត្តទុកដាក់ដូចគ្នានេះដែរ។ លោកឧត្តមសេនីយ៍ឯកមេបញ្ជាការតែង តែយកចិត្តទុកដាក់ជាមួយកងទ័ពជានិច្ច។
យោធាចារ្យទាំងអស់មានសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការ កងទ័ពជើងគោក ព្រមទាំងប្តេជ្ញាអនុវត្តភារកិច្ចពង្រឹងធនធានមនុស្សប្រកបដោយជោគជ័យ ជូនជាតិមាតុភូមិ៕
ដោយ៖ សូរិយា