ភ្នំពេញ ៖ សម្តេចពុកតេជោសែន បានប្រកាសក្នុងថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ ថា “បន្ទាប់ពីសម្តេច គឺលោក ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីសម្តេចផ្ទាល់”។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ! យើងជាយុវជនគណបក្សប្រជាជនកម្ពុជាក៏សូមគាំទ្រនូវបេក្ខភាព លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែរ។ ជយោ! កម្ពុជា រីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទុនស្ថាបនាខេត្តព្រះសីហនុជាង ៣០០លានដុល្លារអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យខេត្តនេះ ក្លាយទៅជាខេត្តអភិវឌ្ឍន៍ជាពហុបំណង។
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រះសីហនុប្រើប្រាស់ទឹក ស្អាតដែលចម្រោះចេញពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់សីហនុយកទៅចិញ្ចឹមត្រី ស្រោចដំណាំបាន ដោយមិនគិតលុយនោះឡើយ ខណៈទឹកស្អាតនេះគឺបានចម្រោះចេញពីម៉ាស៊ីនទំនើបបំផុត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា សមិទ្ធផលនានាដែលបានកើតចេញនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ ខណៈខេត្តនៅដែនសមុទ្រមួយនេះបានក្លាយជាខេត្តអភិវឌ្ឍន៍ពហុបំណង ហើយនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា ការផ្តល់ជំនួយរបស់ប្រទេសមួយចំនួន(ប្រទេសលោកខាងលិច)មកកម្ពុជា គឺដើម្បីផ្តល់ឱកាសការងារដល់ជនជាតិពួកគេវិញដដែល ខណៈជំនួយមួយរយភាគរយគឺពួកគេយកទៅវិញប្រហែលជិត ៨០ភាគរយហើយនោះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំភ័យស្លន់ស្លោរខ្លាំង ខណៈមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង(Omicron) បានកំពុងផ្ទុះឡើង តែទោះជាយ៉ាងណាក្តីបងប្អូនក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យ បានខ្ពស់ផងដែរ ដោយកុំខ្លាចពេក និងភ័យជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ជាថវិកា ១៣លានដុល្លារ, វ៉ាក់សាំង, និងរថយន្តទៅកាន់មិត្តឡាវ គឺដើម្បីដឹងគុណឡាវ ខណៈកម្ពុជាកំពុងជួបការលំបាកកាលពីកន្លងទៅគឺឡាវបានជួយប្រទេសកម្ពុជាយើង ដូច្នេះហើយសម្តេចមិនខ្វល់ចំពោះបុគ្គលណារិះគន់នោះទេ ដោយទង្វើ ដែលកម្ពុជាធ្វើនាពេលនេះគឺចង់បញ្ជាក់អំពីគុណធម៌តែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា «សិលាចាំស្នេហ៍ និងដើមឈើចាំស្នេហ៍» គឺជាការតំណាងឲ្យភាពគង់វង្សរបស់ប្រទេសកម្ពុជាទាំងមូល ដូចជា សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព របបរាជានិយម រាជបល័ង្គរបស់ព្រះមហាក្សត្រ និងការអភិវឌ្ឍជាដើម។
សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឲ្យសិលាមួយទៀតនៅតំបន់មួយកន្លែង នៃខេត្តព្រះសីហនុ គឺជា«សិលាបណ្តាសារ» ក្នុងគោលដៅការពារតំបន់នោះ ប្រសិនបើមានបុគ្គលណាយកដី ឬកន្លែងនោះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងត្រូវបណ្តាសារជាក់ជាមិនខាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមគ្នាទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បន្ថែមទៀត បើទោះបីជាអត្រាឆ្លងនៅប្រទេសកម្ពុជាយើងមានការ ធ្លាក់ចុះ និងបានគុណចាក់វ៉ាក់សាំងយ៉ាងណាក៏ដោយនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នាពេលនេះកម្ពុជា បានសិទ្ធិផលិតថ្នាំវ៉ាក់សាំងហើយ ហើយពេលដែលកម្ពុជាផលិតបានកម្ពុជាក៏បានទទួលសិទ្ធិទិញនូវវ៉ាក់សាំងទាំងនោះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចគាំទ្រកូនប្រុសឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្ដេច ហើយការធ្វើជានាយករដ្ឋមន្ត្រីនេះ គឺធ្វើតាមការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា ជារឿងផ្ទៃរបស់គណបក្សប្រជាជនកម្ពុជា។ ហើយគណបក្សប្រជាជនកម្ពុជា ក៏មានទស្សនវិស័យច្បាស់លាស់បំផុតសម្រាប់កម្ពុជាដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហ៊ុន ម៉ាណែត ជាបេក្ខនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ ក្នុងចំណោមបេក្ខភាពផ្សេងៗទៀតរបស់គណបក្ស ដែលគាំទ្រដោយឪពុករបស់ខ្លួន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យឈប់និយាយពីរឿងតំបន់រាម ហើយនរណាក៏ដោយដែលចង់ទៅពិនិត្យមើលកន្លែងនោះ មិនចាំបាច់រវីរល់ទៀតទេ។
សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ៕
ដោយ ៖ សិលា