ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ឲ្យដឹងថា, សៀវភៅ “កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)” ដែលបានរៀបចំចងក្រងឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភីជា «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ» (The Best Asian Cookbook) នៅក្នុងកម្មវិធី Gourmand World Cookbook Award 2021។
ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពី សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)” ដែលបានរៀបចំចងក្រងឡើង ដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភីជា “សៀវភៅមុខម្ហូបអាស៊ី ដែលល្អផ្តាច់គេ” (The Best Asian Cookbook) នៅក្នុងកម្មវិធី Gourmand World Cookbook Award 2021 ដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។
កម្មវិធី Gourmand World Cookbook Award ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយ លោក Edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារទូទាំង សកលលោក។ នៅក្នុងឆ្នាំ២០២១នេះ មានការចូលរួមពីប្រទេសចំនួន ១៩៨ ដោយមានសៀវភៅ សរុបចំនួន៤ ០០០ក្បាល ដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។
សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ” ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានពិពណ៌នាយ៉ាងពិស្ដារ អំពីគ្រឿងផ្សំ មុខម្ហូប និងបង្អែមរបស់ខ្មែរចំនួន៣៨មុខផ្សេងគ្នា តាមរយៈវិធីចម្អិនងាយៗ និង ងាយស្រួលរកគ្រឿងផ្សំនៅបរទេស សម្រាប់អ្នកការទូតកម្ពុជាប្រើប្រាស់ និងផ្តល់ជាវត្ថុអនុស្សាវរីយ៍ ជូនភ្ញៀវបរទេស។
ការទទួលបានពានរង្វាន់ “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ” នាពេលនេះ គឺជាមោទនភាពជាតិ និងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យការទូតម្ហូបអាហារ សំដៅផ្សព្វផ្សាយឱ្យ ពិភពលោកបានស្គាល់កាន់តែច្បាស់ពីកេរ្តិ៍ដំណែល និងប្រណីតភាពនៃសិល្បៈម្ហូបខ្មែរ ដែលជា អត្តសញ្ញាណនៃអរិយធម៌ដ៏វិសេសវិសាលរបស់កម្ពុជា។
ការលើកតម្កើងវិស័យការទូតម្ហូបអាហារនេះ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានគោលដៅលើក ស្ទួយកិត្យានុភាពជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំ២០៥០៕
ដោយ ៖ សុខ ខេមរា