ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភា នីតិកាលទី៤ បើកប្រជុំជាវិសាមញ្ញពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣…

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ  ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៨ ព្រឹកនៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យ ប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកា ចូលរួមចំនួន៥៤រូប និងមានរបៀបវារៈ៖

១- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ 

២- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។  

៣- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ 

  តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ទាំង៣នេះរួមមាន៖

– លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយសហការីចំនួ៥រូប (សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី១ និងទី២)។

– លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយសហការីចំនួន៤រូប (សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី៣)។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ចស្តីពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ  និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិកអង្គប្រជុំ និងការបកស្រាយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញក៏បានអនុម័តលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង៣ ដោយឥតកែប្រែ  និងចាត់ទុកជាការប្រញាប់ចំនួន៥៤សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល..៕

ដោយ៖ សូរិយា


ចែករំលែក៖