ខេត្តស្ទឹងត្រែង ៖ លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១នេះ នឹងអញ្ជើញប្រគល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជាអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ។
សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ លោក នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់នូវទឹកប្រាក់ចំនួន ១៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លាន ដុល្លារ ជាថវិការបស់សប្បុរសជន ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។
ពិធីប្រគល់ និង ទទួល ប្រារព្ធធ្វើនៅ ខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន) រវាង លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលឡាវ ។
នេះជាការប្រគល់បរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩លើកទី៣ហើយទៅកាន់ប្រទេសឡាវ។ លើកទី១នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានម៉ាស់ ២លាន និងបរិក្ខារពេទ្យ ១១មុខ, លើកទី២នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្តល់វ៉ាក់សាំង ២០ម៉ឺនដូស ហើយលើកទី៣ គឺនៅថ្ងៃនេះ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា រាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជន បានផ្តល់ថវិកា ១៣លានដុល្លារដល់រដ្ឋាភិបាល និងប្រជាជនឡាវផងដែរ។
មិនត្រឹមតែប៉ុណ្ណេះ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យជួយដល់ឡាវផងដែរ។
សម្តេចតេជោ បានចាត់ទុកការជួយឡាវនាពេលនេះ ជាគុណធម៌ ជាការតបស្នងទឹកចិត្តឡាវ ដែលបានជួយកម្ពុជា ពេលកម្ពុជាលំបាកនាឆ្នាំ១៩៧៩ និងទសវត្សរ៍ឆ្នាំ១៩៨០ ពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបាត់បង់គុណធម៌ ព្រោះតែរិះគន់របស់ជនមួយចំនួននោះឡើយ៕
ដោយ ៖ សិលា