ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកិច្ចការនារី ៖ លោកស្រីកូវ ច័ន្ទសុវណ្ណារិទ្ធ នាយិកា នៃសិប្បកម្មរ៉ារី ដែលជាសហគ្រិនវ័យក្មេងមួយរូប ទទួលបានជោគជ័យនៅលើអាជីវកម្មកែច្នៃពីម្ទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានបញ្ជាក់ថា, លោកស្រីកូវ ច័ន្ទសុវណ្ណារិទ្ធ នាយិកា នៃសិប្បកម្មរ៉ារី ដែលជាសហគ្រិនវ័យក្មេងមួយរូប ទទួលបានជោគជ័យនៅលើអាជីវកម្មកែច្នៃពីម្ទេស។

 លោកស្រីបានប្រាប់ដល់អ្នកយកព័ត៌មានក្រសួងកិច្ចការនារីថា គ្មានអ្វីដែលស្រ្តីយើង មិនអាចធ្វើបាននោះទេ សំខាន់យើងត្រូវមានឆន្ទៈ មានការតាំងចិត្តខ្ពស់ ព្យាយាមតស៊ូ និង ភាពអំណត់ឲ្យបានច្រើន នោះយើងនឹងទទួលបានជោគជ័យទៅលើអ្វីដែលយើងបានខិតខំ ប្រឹងប្រែង ។

 លោកស្រីបានបញ្ជាក់បន្ថែមថា ស្រ្តី និងបុរស គឺយើងមានខួរក្បាលតែមួយដូចគ្នាទេ បុរសធ្វើបានស្រ្តីយើងក៏អាចធ្វើបានដែរ អ្វីដែលសំខាន់ គឺយើងត្រូវចេះអភិវឌ្ឍន៍ខួរក្បាលយើង ឲ្យមានប្រយោជន៍ មិនត្រូវផ្តេកផ្តួចតាមកម្មវាសនានោះទេ បើយើងមិនខំប្រឹងប្រែងគ្មានអ្វីបាន មកដោយឯកឯងនោះទេ។

 ទន្ទឹមនឹងភាពជោគជ័យនេះផងដែរ លោកស្រីបានប្រាប់ដល់អ្នកយកព័ត៌មានយើងថា លោកស្រីក៏ជួបនិងបញ្ហាប្រឈមជាច្រើនផងដែរ ប៉ុន្តែលោកស្រីមិនបានយកបញ្ហាទាំងនោះ ធ្វើជាឧបសគ្គ ក្នុងរារាំងការតាំងចិត្តរបស់លោកស្រីទៅលើអាជីវកម្មរបស់លោកស្រីទេ លោក ស្រីគិតថា បញ្ហាគឺជាមេរៀនសម្រាប់យើងរៀនសូត្រពីវាក្នុងការឈានទៅរកដំណោះស្រាយ  និងទទួលបាននូវភាពជោគជ័យនៅពេលអនាគត។

 សិប្បកម្មរ៉ារី បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ដែលជាសិប្បកម្មផលិតដោយដៃ រហូត ដល់ឆ្នាំ២០១៨ទើបមានម៉ាស៊ីនផលិត និងទទួលបានជោគជ័យខ្លាំងបំផុតនៅក្នុងឆ្នាំ២០២០ និង២០២១។

 សិប្បកម្មរ៉ារី គឺជាសិប្បកម្មកែច្នៃផលិតផលពីម្ទេសរបស់ខ្មែរដែលមាន៥រស់ជាតិ និង មានឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ហើយក៏ជាផលិតផលដែលចេញពីគំនិត កូនខ្មែរពិតៗផងដែរ មានដូចជាទឹកម្ទេស ម្ទេសឆា កាពិកឆា និងទឹកជ្រលក់ហឹរជាដើម ។ល។ ដែលប្រកបដោយគុណភាព និងអនាម័យខ្ពស់។ ក្រសួងកិច្ចការនារី បន្តថា, ផលិតផលនេះក៏បានអនុលោម តាមតម្រូវការនៃស្តង់ដាកម្ពុជាCS0051:2005 ដែលមានអាស័យដ្ឋានផ្ទះលេខ 1881 ផ្លូវលំ (បេតុង) ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានលេខ ទូរសព្ទ ០២៣៨៨៨១៥៥/០៨៨២៩៩២៩៩២/០៧៨៥២២២២៨៕

ដោយ ៖ សិលា


ចែករំលែក៖