ភ្នំពេញ៖ បើកយោងតាមផេក (Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលើកឡើងថា «វគ្គបណ្តុបណ្តាលគឺជាចំណែកដ៏សំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងដល់គ្រូបង្វឹកកីឡាកាយសម្ព័ន្ធ ដើម្បីដើរឲ្យទាន់បច្ចុប្បន្នភាពរបស់អន្តរជាតិ ក៏ដូចជាបន្តដំណើរការអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា»។
នេះជាការបញ្ជាក់របស់លោក នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Class P3+Tranning Camp) ដែលដំណើរការពីថ្ងៃទី១-៧ ខែធ្នូ ឆ្នាំ២០២១ នៅបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។
លោក ណយ ផាណា ដែលជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះផងនោះបន្ថែមទៀតថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្ជ្រាបចំណេះដឹងជូនដល់ដល់គ្រូបង្វឹក ហើយគ្រូបង្វឹកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនឹងយកចំណេញដឹងនៃក្បួនច្បាប់ថ្មីៗទាំងនេះទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីកាន់តែរីកចម្រើន និងដើរទាន់ការអភិវឌ្ឍថ្មីៗរបស់ប្រភេទកីឡាកាយសម្ព័ន្ធអន្តរជាតិ។ អ្នកជំនាញកីឡាកាយសម្ព័ន្ធរូបនេះក៏បង្ហាញនូវក្តីសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះនឹងជួយជំរុញការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាយើង ខណៈគោលការណ៍ថ្មីៗនេះក៏ម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២នៅប្រទេសវៀតណាមនឹងយកទៅអនុវត្តតាមការវិវឌ្ឍថ្មីនៃប្រភេទកីឡាកាយសម្ព័ន្ធនេះដែរ។
លោកអគ្គលេខាធិការបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ទៅលើផ្នែកទ្រឹស្តីតែ៣០%ទេ ហើយប្រើប្រាស់ការអនុវត្តដោយផ្ទាល់៧០% ដោយសារផ្នែកទ្រឹស្តីសហព័ន្ធធ្លាប់បានបើកបង្រៀនច្រើនវគ្គមកហើយ។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ មកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ក្រចេះ និងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនាមជាគ្រូឧទ្ទេសលោកក៏បានចែករំលែកនូវចំណេះដឹងថ្មីៗ បន្ទាប់ពីលោកបានចូលរួមសន្និបាតសហព័ន្ធកីឡាកាយសម្ព័ន្ធលើកទី៨៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសទួរគី គឺសហព័ន្ធអន្តរជាតិនេះបានអនុម័តទៅលើការផ្លាស់ប្តូរលក្ខន្តិកៈមួយចំនួន ស្របពេលដែលក្បួនច្បាប់នៃអាអេរ៉ូប៊ិកផ្លាស់ប្តូរស្ទើរតែទាំងស្រុង។ ដូច្នេះលោកបានខិតខំជំរុញឲ្យវគ្គនេះធ្វើឡើងឲ្យបានលឿន។
ជាមួយគ្នានោះ លោកអគ្គលេធិការក៏បានបង្ហាញនូវភាពកក់ក្តៅក្រៃលែង ចំពោះការយកចិត្តទុកខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលឯកឧត្តមបណ្ឌិតតែងតែប្រឹងប្រែងអភិវឌ្ឍវិស័យកីឡាកាយសម្ព័ន្ធជានិច្ច។ នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ ឯកឧត្តមបណ្ឌិតក៏តែងតែក្រើនរំឭកឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដើម្បីបង្ការពីជំងឺកូវីដ-១៩ជាសកលនេះ ជាពិសេសគឺឯកឧត្តមបណ្ឌិតយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពឲ្យបានល្អ ក្នុងវគ្គសិក្សានេះនិងបន្តភ្ជាប់ការរៀបចំប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៥ នៅខេត្តកំពង់ឆ្នាំង ពីថ្ងៃទី៨-១៣ធ្នូ ឆ្នាំ២០២១។
ជាចុងក្រោយ លោក ណយ ផាណា ក្នុងនាមមហាគ្រួសារកីឡាកាយសម្ព័ន្ធកម្ពុជាបានបង្ហាញការគោរពដ៏ជ្រាលជ្រៅបំផុតចំពោះប្រមុខារាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ហើយក្នុងនោះវិស័យកីឡាកាយសម្ព័ន្ធក៏មានឱកាសបានបន្តដំណើរការអភិវឌ្ឍឲ្យកាន់តែល្អប្រសើបន្ថែមទៀត ជាពិសេសគឺគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣តែម្តង៕
ដោយ ៖ សិលា