ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុនសែន ចេញសារលិខិតអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់ជនមានពិការភាព

ចែករំលែក៖

  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្ដេចតេជោ ហ៊ុន សែន បានអបអរទិវាជនពិការជាតិ និងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ ដោយបានបង្ហាញនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់ជនមានពិការភាពទាំងអស់ក្នុងប្រទេស និងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់បន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរឡើងដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីក្ដីមេត្តាធម៌ និងការលះបង់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងយកចិត្តទុកដាក់ដល់សុខទុកកូនចៅមានពិការភាពរបស់ព្រះអង្គ ដោយបានប្រោសប្រទានព្រះរាជអំណោយដ៏វិសេសវិសាលថ្លៃថ្លាដល់កូនចៅដែលរងគ្រោះដោយមេរោគកូវីដ-១៩ ពិសេសជនមានពិការភាព។

ក្នុងសារលិខិតក្នុងឱកាសនៃទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិឆ្នាំនេះ សម្ដេចតេជោ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព បន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឹកូវីដ-១៩ធ្វើយ៉ាងណាឱ្យដល់ជនមានពិការភាព និងជំរុញដល់ជនមានពិការភាពទាំងអស់រក្សាវិធានការសុខាភិបាលដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ផងដែរ។

សម្ដេចបានជំរុញបន្ថែមដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឱ្យលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណ:សម្បត្តិនិងសមត្ថភាពឱ្យបំពេញមុខងារតួនាទីក្នុងស្ថាប័នរបស់ខ្លួនដោយគ្មានការរើសអើង ស្របគ្នាជាមួយនឹងការរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាព ដូចជាការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានានៅតាមទីតាំងសាធារណៈនិងឯកជនទាំងអស់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុនសែន បានអំពាវនាវដល់ក្រសួងព័ត៌មានឱ្យណែនាំដល់គ្រប់ស្ថានីយវិទ្យុនិងទួរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានឱ្យបង្កើនម៉ោងផ្សាយឱ្យបានទូលំទូលាយដោយមានការបកប្រែភាសាសញ្ញាជាពិសេសព័ត៌មានស្ដីពីការរាតត្បាតនិងវិធីការពារជំងឺកូវីដ-១៩ដល់ជនមានពិការភាព ខណៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនល្បឿនក្នុងការធ្វើអត្តសញ្ញាណពិការភាពជូនជនមានពិការភាពគ្រប់រូបទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ពួកគាត់អាចប្រើបានក្នុងការទទួលបានសេវាសាធារណៈនិងឯកជន។

យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការឱ្យដឹងថាជនមានពិការភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ។

ទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ធ្វើឡើងក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយបរិយាបន្ន ផាសុវត្ថុ និងចីរភាព» ៕

ដោយ ៖ សិលា


ចែករំលែក៖