ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី៨០០ក្នុងអាជីពរបស់គាត់ ដោយរកបាន២គ្រាប់រួមទាំងបាល់ប៉េណាល់ទី ខណៈដែលក្រុម Manchester United បានផ្តួលក្រុម Arsenal ក្នុងលទ្ធផល៣ទល់២យ៉ាងប្រផិតប្រផើយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។
ខណៈដែលគ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់ក្រុម Man United លោក Ralf Rangnick បានមកទស្សនាការប្រកួតជាមួយអតីតប្រធានក្រុមអង់គ្លេស David Beckham ក៏រីករាយនឹងការជួបគ្នាដ៏រំភើបផងដែរ។
កីឡាករ Emile Smith Rowe បានរកគ្រាប់បាល់នាំមុខឲ្យក្រុមកាំភ្លើងធំ Arsenal នៅនាទីទី១៣ ប៉ុន្តែខ្សែបម្រើ Bruno Fernandes រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៤៤ ជិតចប់ការប្រកួតតង់ទី១ពីការបញ្ជូនបាល់យ៉ាងល្អពី Fred។
ចូលដល់ការប្រកួតក្នុងតង់ទី២ នាទីទី៥២ ខ្សែប្រយុទ្ធ Ronaldo បានស៊ុតបញ្ចូលទីឱ្យ Man Utd នាំមុខ១គ្រាប់ ខណៈដែលគេបានបំប៉ោងសំណាញ់ទីពីការបញ្ជូនបាល់របស់ Marcus Rashford ប៉ុន្តែត្រូវបានកីឡាករMartin Odegaard របស់ក្រុមកាំភ្លើងធំ តាមស្មើក្នុងលទ្ធផល ២-២ នៅនាទីទី៥៤។
បន្ទាប់មកកីឡាករក្រុមកាំភ្លើងធំ Arsenal បានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិនិត្យ VAR ក៏បានផ្តល់បាល់ពិន័យ១១ម៉ែត្រដល់ Man Utd ហើយ Ronaldo ជាអ្នករ៉ាប់រងបាល់នេះនិងស៊ុតបញ្ចូលទីបានសម្រេចនៅនាទីទី៧០។
លទ្ធផលនេះធ្វើឱ្យ Man Utd ទទួលបាន៣ពិន្ទុ ដោយចាញ់ក្រុមលេខ៤Arsenal តែ៣ពិន្ទុប៉ុណ្ណោះបន្ទាប់ពីកត់ត្រាជ័យជម្នះ២លើក និងស្មើ១ក្រោមការដឹកនាំរបស់លោក Michael Carrick ដែលជាអ្នកចាត់ការបណ្តោះអាសន្ន។
លោក Michael Carrick និយាយថា គាត់នឹងចាកចេញពីក្លិប Manchester United បន្ទាប់ពីបញ្ចប់ការងាររបស់គាត់ជាគ្រូបង្វឹកចាំផ្ទះ។ លោកបន្តថា “បន្ទាប់ពីគិត និងពិចារណាជាច្រើន ខ្ញុំបានសម្រេចចិត្តថា ពេលនេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចាកចេញ”។
លោក Carrick ដែលធ្លាប់ជួយឲ្យក្រុមបិសាចក្រហមឈ្នះជើងឯក Premier League ៥សម័យកាលក្នុងអំឡុងពេល១២ឆ្នាំក្នុងនាមជាកីឡាករនៅ Man United បានចូលកាន់តំណែងជាគ្រូបង្វឹកចាំផ្ទះបន្ទាប់ពីលោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២១ ខែវិច្ឆិកា។
គាត់បានដឹកនាំការឈ្នះ ២-០ ក្របខ័ណ្ឌ Champions League ក្រៅដីលើក្រុម Villarreal កាលពីថ្ងៃទី២៣ ខែវិច្ឆិកា មុនពេលប្រកួតស្មើ ១-១ជាមួយក្រុម Chelsea កាលពីថ្ងៃអាទិត្យមុន។ លោក Carrick បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញប៉ុន្មាននាទីបន្ទាប់ពីជ័យជម្នះលើក្រុម Arsenal ដែលបានជួយក្រុមMan United ឱ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ក្នុងតារាង ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)