ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសជនដែលងាយរងគ្រោះដូចជា ចាស់ជរា ជនពិការ កុមារា កុមារីតូចៗ រួមជាមួយបងប្អូនកងកម្លាំងដែលកំពុងឈរជើងតាមបន្ទាប់ព្រំដែន មានការយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានថ្លែងថា, សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសជនដែលងាយរងគ្រោះដូចជា ចាស់ជរា ជនពិការ កុមារា កុមារីតូចៗ រួមជាមួយបងប្អូនកងកម្លាំងដែលកំពុងឈរជើងតាមបន្ទាប់ព្រំដែន មានការយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់ ស្របពេលដែលស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន កំពុងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធអាកាសធាតុខ្ពស់ និងស្ថានភាពនៃខ្យល់មូសុងឦសាន ដែលអាចបង្កឲ្យមានការផ្លាស់ប្តូរអាកាសធាតុទៅជាត្រជាក់ និងអាចមានខ្យល់រដូវបក់ខ្លាំងជាងធម្មតា។ 

លោកបន្តថា, ខ្ញុំសូមឆ្លៀតឱកាសនេះ ជូនពរបងប្អូន លោកយាយ លោកតា អ៊ំពូ មា មីង កូនៗ ក្មួយៗ តូចៗ សូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ ជៀសផុតពីបញ្ហានានាគ្រប់ៗគ្នា។

សូម្បីបញ្ជាក់ថា,  ចាប់ពីថ្ងៃទី ១-៧ ខែធ្នូ ឆ្នាំ២០២១, ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី , ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥°C និងធ្លាក់ត្រជាក់,អាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)តាមបណ្តាខេត្តផ្សេងទៀត ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស

នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ 

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិនដែលបន្តរំកិលចុះមកក្រោមជាមួយនិងខ្យល់មូសុងឦសានបង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

 ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C

– សីតុណ្ហភាពអតិបរមា មានពី  ២៦-២៨ °C

– អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។

 ២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C

– សីតុណ្ហភាពអតិបរមា មានពី  ២៦-២៨ °C

– ក្នុងនោះ ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី , ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥°C ។

 ៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C

– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C

– អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់នេះ ៕

ដោយ ៖ សិលា


ចែករំលែក៖