ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះណែនាំអ្នកប្រេីប្រាស់ផ្លូវខាងមុខបរិវេណផ្សារធំបាត់ដំបង(ផ្សារណាត់)

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក​ ប៉ូវ​ វណ្ណឌី​ ស្នងការរង​ផែនការងារសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិ​យាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់ឱ្យលោកវរសេនីយ៍ទោ រ៉ែម មករា ជានាយរងការិយាល័យដឹកនាំកម្លាំងក្នុងការិយាល័យជំនាញ ចុះណែនាំអ្នក​ប្រេីប្រាស់ផ្លូវខាងមុខបរិវេណផ្សារធំបាត់ដំបង(ផ្សារណាត់)(ហាមបត់ឆ្វេង)ឬ(ចត)ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗ។

លោកវរសេនីយ៍ទោ រ៉ែម មករា នាយរងការិយាល័យចរាចរណ៍ផ្លូវគោល បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក​ ប៉ូវ​ វណ្ណឌី​ ស្នងការរង​ផែនការងារសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ចាន់ សុធីនាយការិ​យាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់អោយមន្ត្រីក្នុងការិយាល័យជំនាញចុះធ្វើការអប់រំ ផ្សព្វផ្សាយជូនដល់បងប្អូនទូទាំងខេត្តបាត់ដំបង និងក្រៅខេត្តបាត់ដំបង អោយតែធ្វើដំណើរឆ្លងកាត់ក្នុងខេត្តបាត់ដំបងនេះ ត្រូវយល់ពីការបើកបរនៅចំណុចគោលដៅដែលមានផ្លាកសញ្ញាហាមបត់ឆ្វេង ហាមចត នៅលើដងផ្លូវបរិវេណខាងមុខផ្សារណាត់។

លោកបន្តថា ចំណុចគោលដៅខាងលិចផ្សារធំបាត់ដំបង(ផ្សារណាត់)នេះ ការអនុវត្តការដាក់ផ្លាកសញ្ញា និងការអប់រំផ្សព្វផ្សាយនេះគឺមានរយៈពេលជិត០១ឆ្នាំហើយ ដែលផ្លាកសញ្ញានេះដាក់សម្រាប់ ទី១ ដើម្បីកាត់បន្ថយការកកស្ទះ ទី២ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ព្រោះកាលណាមានការកកស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍ វានឹងបណ្តាលអោយកើតមានករណីអំពើហិង្សា ដូច្នេះសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយពិនិត្យផ្លាកសញ្ញាទី១ អ្នកដែលធ្វើដំណើរមកពីទិសខាងត្បូង ហាមបត់ឆ្វេង ទី២ អ្នកធ្វើដំណើរមកពីទិសខាងលិច ហាមបត់ឆ្វេង និងទី៣ អ្នកធ្វើដំណើរមកពីទិសខាងកើត ហាមបត់ឆ្វេង ហើយបើសិនបងប្អូនមានបំណងចង់បត់ឆ្វេងសូមជិះអោយផុតទៅខាងមុខនិងអាចបត់ឆ្វេងបាន។

ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនអ្នកប្រេីប្រា​ស់​​ផ្លូវទាំងអស់​ សូមមេត្តាចូលរួមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា​ដេីម្បី សុវត្ថិភាពរបស់បងប្អូនផង និងដើម្បីទីក្រុងយើងមិនអោយមានការកកស្ទះរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ផង៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖