ភ្នំពេញ៖ បុរសម្នាក់ដែលជាប្ដីបានអារ.ក សម្លាប់ប្រពន្ធរបស់ខ្លួននៅឯក្រុងសៀមរាប រួចរត់គេចខ្លួនមកនៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាលធ្វើការឃាត់ខ្លួនបានសម្រេចនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅចំណុចរង្វង់មូលព្រះនរាយណ៍ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យធ្វើឃាតមនុស្សនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយពេលកើតហេតុ។
ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងរបស់លោកទៅសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប នគរបាលខេត្កកណ្ដាល ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
ជនសង្ស័យជាប្តីដែលសម្លាប់ប្រពន្ធនោះឈ្មោះ ធួក ឈាត អាយុ៤៣ឆ្នាំ មានមុខរបររត់ម៉ូតូកង់បី។ ចំណែកប្រពន្ធដែលត្រូវប្តីសម្លាប់មានឈ្មោះ សូ ចន្ធី មានអាយុប្រហែល៤០ឆ្នាំ។
បើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក មុំ ចេក ប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឱ្យដឹងថា ជនសង្ស័យបានសារភាពថា ហេតុការណ៍នេះកើតឡើងដោយសារតែរឿងប្រចណ្ឌ។
ក្រោយប្រតិបត្តិការរួច កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងបានប្រគល់ជនសង្ស័យទៅឱ្យកម្លាំងនគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្មប្តីអារ.កសម្លាប់ប្រពន្ធ ខ្លួនឯងដែលគេសង្ស័យជាករណីភ្លេីង ប្រចណ្ឌ ស្ថិតនៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប៕
ដោយ ៖ រ៉ារ៉ា