ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើរជើងលេខ៥១ប្រជុំបូក សរុបការងារយោធាសន្តិសុខប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេ បញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ខែវិច្ឆិកា ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែធ្នូ ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួម មេបញ្ជាការរងកងពល នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចទាំង៤។

មេបញ្ជាការកងពល បានកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ  និងបានបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។

ដោយឡែកកងកម្លាំងត្រៀមអន្តរាគមន៍ផ្នែកខាងក្រោយត្រូវបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ធានាចេញបេសកកម្មតាមបទបញ្ជា បានទាន់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖