ភ្នំពេញ ៖ អគ្គិភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជាប់សាលាបឋមសិក្សាច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ផ្សែងហុយខ្មួរខ្មាញ់ចេញពីផ្ទះកើតហេតុជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច នឹងមន្ត្រីបង្ការពន្លត់អគ្គិភ័យឲ្យចេញរថយន្តមកបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង ។
ក្នុងប្រតិបត្តិការណ៍បង្ការនិងពន្លត់អគ្គិភ័យខាងលេីនេះ មានការសហការពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងជួយបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៤និង៥០នាទីថ្ងៃខែឆ្នាំដដែល ។
ដោយផ្ទះរងការខូចខាតមានចំនួន២ខ្នង , ១ខ្នងឈើលើថ្មក្រោម នឹង១ខ្នងទៀតឈើប្រក់ស័ង្កសីខូចខាតទាំងស្រុង តែករណីនេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះឆាបឆេះឡេីង សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ៕
ដោយ ៖ ភារ៉ា ដង្កោ