ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃប្រុស ស្រី១៤៣នាក់ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចជំនាញកម្ពុជាបានបញ្ជូនជនជាតិថៃចំនួន១៤៣នាក់ទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីពួកគេចាញ់បោកមេខ្យល់នាំមកឲ្យធើ្វការងារនិងស្នាក់នៅខុសច្បាប់តាមទីតាំងបើកអនឡាញនានាដែលជ្រោកក្រោមស្លាកកាសុីណូ នារសៀលថ្ងៃទី០៣ខែធ្នូឆ្នាំ២០២១នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខ្លងលឹក។

 នៅក្នុងពេលប្រគល់ជនជាតិថៃខាងលើនេះគេឃើញមានកម្លាំងសមត្ថកិច្ចកម្ពុជានិងកម្លាំងសមត្ថកិច្ចថៃនិងមន្ត្រីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

សមត្ថកិច្ចប្រាប់ថាជនជាតិថៃ១៤៣នាក់ក្នុងនោះមានស្រី៥៦នាក់។

 ករណីឃាត់ជនជាតិថៃចំនួន១៤៣នាក់ហើយត្រូវសមត្ថកិច្ចកម្ពុជាបញ្ជូនឲ្យសមត្ថកិច្ចថៃខាងលើនេះ បើតាមព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាជនជាតិថៃទាំងអស់នោះគឺជាជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស ដែលត្រូវបានថៅកែរបស់ខ្លួនបង្ខាំងទុកលក់កម្លាំងពលកម្មបន្តនិងធ្វើទារុណកម្មលើសកម្រឹតការងារ ព្រោះគេសង្កេតឃើញជនរងគ្រោះមួយចំនួនមានស្លាកស្នាមវាយធ្វើបាបពីសំណាក់ថៅកែ ទើបមានការស្រាវជ្រាវពីកម្លាំងសមត្ថកិច្ចរបស់កម្ពុជារំដោះបានចេញពីកន្លែងបង្ខាំងនោះ។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផែនការងារអន្តោប្រវេសន៍ លោកអេង លីហូ មានប្រសាសន៍តាមតេលេក្រាមថា ជនជាតិថៃទាំងអស់នោះបានប្រគល់ឲ្យសមត្ថកិច្ចថៃនៅលើស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលអ្នកទាំងនោះបញ្ជូនមកពីភ្នំពេញចំនួន១២៣នាក់និងនៅទីក្រុងប៉ោយប៉ែតចំនួន២០នាក់ហើយក្នុងចំណោម១៤៣នាក់នោះមានស្រី៥៦នាក់។

 លោកថាក្រុមជនជាតិថៃទាំងអស់នោះបានលួចឆ្លងដែនមកធ្វើការងារខុសច្បាប់នៅកម្ពុជាហើយត្រូវសមត្ថកិច្ចយើងស្រាវជ្រាវចាប់បញ្ជូនទៅប្រទេសគាត់វិញ។

ដោយឡែកព័ត៌មានក្នុងស្រុកមួយដែលចុះផ្សាយនិងបង្ហាញរូបភាពវាយជាំពេញប្រាណដើម្បីធ្វើទារុណកម្មនោះលោកមិនបានទទួលព័ត៌មាននោះឡើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖