ខេត្តសៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនាវេលារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ទៅត្រាវកុដ្ឋនៅចន្លោះបង្គោលគីឡូលេខ ០១-០២ ភូមិ ត្រាច ឃុំបល័្លង្ក ស្រុកប្រាសាទបាគង ខេត្ត សៀម រាប ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកប្រាសាទបាគងបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ2C-3305 បើកដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិចទៅកើត។
លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនេះបានរេចង្កូតទៅបុកម៉ូតូម៉ាកហុងដាscoopy I ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប1Z- 44 77 បើកបរដោយឈ្មោះ គន់ ឃីម ភេទប្រុស រស់នៅភូមិតាសៀម ឃុំ តាសៀមស្រុកស្វាយលើខេត្តសៀមរាប(របួសធ្ងន់) និងអ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះ ជួន ស្រីណេត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់) ខណ:កំពុងបើកបរមានទិសដៅពីកើតទៅលិច។ ក្រោយកើតហេតុភ្លាមអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ និងបន្សល់វត្ថុតាងយានយន្តទាំងពីរគ្រឿងដែលរងការខូចខាតធ្ងន់ធ្ងរនៅកន្លែងកើតហេតុ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះសមត្ថកិច្ចទៅដល់បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យនិងបានវាស់វែងព្រមទាំងយកយានយន្តជាវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តសំណុំរឿងចាត់ការតាមច្បាប់។
ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា